ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ នៅថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា ដែលជាប្រធានកិច្ចប្រជុំ បានស្នើដល់យោធាអាស៊ានរួមគ្នាពង្រឹងបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។
កម្ពុជានៅថ្ងៃនេះ បានធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំប្រតិបត្តិការយោធាអាស៊ានលើកទី១២ ដើម្បី ឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នាពេលខាងមុខ ក្រោមមូលបទ «សាមគ្គី ដើម្បីសេចក្តីសុខប្រកបដោយភាពសុខដុម» ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងកងទ័ពរបស់បណ្តា ប្រទេសជាសមាជិកអាស៊ាន។
ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយលេខាធិការដ្ឋានសេនាធិការចម្រុះ និងជាប្រធានដឹកនាំកិច្ចប្រជុំ បានបង្ហាញពីសាមគ្គីភាព និងសុឆន្ទៈរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំង ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក្នុងការដោះស្រាយ និងឆ្លើយតបទៅនឹងបញ្ហាសន្តិសុខសំខាន់ៗនៅក្នុងតំបន់។
ក្នុងនោះសុច្ឆន្ទៈក្នុងសាមគ្គីភាពនេះ គឺស្របតាមគោលការណ៍មជ្ឈិមអាស៊ាន និងអាស៊ាន ដឹកនាំ ក្នុងស្ថាបត្យកម្មក្នុងតំបន់។ ជាក់ស្តែង «សាមគ្គីភាព» មានគោលបំណងបំផុសគំនិត និងលើកទឹកចិត្តដល់ រដ្ឋសមាជិកអាស៊ានទាំងអស់ ដោះស្រាយបញ្ហាប្រឈមមុខ ដែលកំពុងការគំរាមកំហែង ជាពិសេសនៅ ក្នុងកាលៈទេសៈដែលមានហានិភ័យខ្ពស់ ដូចជាជំងឺរាតត្បាតកូវីដ-១៩។
ឧត្តមសេនីយ៍ទោ បានបង្ហាញពីបញ្ហាមួយចំនួន ដែលនៅតែជាក្តីកង្វល់ និងស្នើដល់យោធាអាស៊ាន ត្រូវរួមគ្នាពង្រឹងនោះ គឺបញ្ហាសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែន។
ដោយឡែកពាក់ព័ន្ធបញ្ហាវិបត្តិកូវីដ-១៩ ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា បានបន្តថា ក្នុងជួរកង កម្លាំងប្រដាប់អាវុធ នៃបណ្តាប្រទេសអាស៊ាន មានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនរួមគ្នា ដើម្បីស៊ើបអង្កេត និងទប់ស្កាត់ការរីករាលដាលបន្ថែមទៀត តាមរយៈការចែករំលែកព័ត៌មាន ជំនួយសម្ភារៈ និងធ្វើបច្ចុប្បន្នភាពចំពោះរបាយការណ៍អំពីនីតិវិធី នៃការធ្វើចត្តាឡឺស័កតាមព្រំដែន ជាពិសេសសម្រាប់ប្រទេស ជាប់ព្រំដែនជាប់គ្នា។
តាងនាមកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការរបស់កងកម្លាំងការពារជាតិ ក្រោមវេទិកាអាស៊ាន ដើម្បីប្រមូលផ្ដុំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងប្រទេស និងរដ្ឋនានា តាមរយៈការអនុវត្តវិធានការសុខាភិបាល និងការចែករំលែក វ៉ាក់សាំងដោយផ្អែកលើមូលដ្ឋានស្មើគ្នា៕