(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីបំណងចង់បើកស្ថានទូត នៅប្រទេសប៉ាគីស្ថាន ខណៈឆ្នាំ២០២២នេះ ប្រមុខការទូតប៉ាគីស្ថាន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
បំណងខាងលើបង្ហាញឡើង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ តាមរយៈ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ក្នុងឱកាសដែលលោកអនុញ្ញាតឲ្យលោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋ អ៉ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការត្រៀមទទួលស្វាគមន៍ គម្រោងទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំនេះ របស់រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន ដែលជាឱកាស ដ៏សំខាន់សម្រាប់ការលើកស្ទួយថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកពីបំណងចង់បើកស្ថានទូតកម្ពុជាប្រចាំនៅប៉ាគីស្ថាន នាពេលអនាគត ហើយបានពិភាក្សាជាមួយលោកឯកអគ្គរដ្ឋទូត អំពីលទ្ធភាពនៃការផ្លាស់ប្តូរការសម្របសម្រួល រវាងប្រទេសទាំងពីរសម្រាប់គោលដៅនេះ»។
លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះ លោក Zaheeruddin Babar Thaheem ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា និងបានសម្តែងនូវជំនឿជាក់ថា ក្នុងអាណត្តិរបស់ លោកឯកអគ្គរដ្ឋទូត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត ព្រមទាំងបានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ច សហការពេញលេញ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដល់លោក ក្នុងការបំពេ បេសកកម្មឱ្យទទួលបានជោគជ័យ។
ចំណែកឯ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការគាំទ្រដ៏ពេញលេញរបស់ រដ្ឋាភិបាលប៉ាគីស្ថាន ចំពោះកម្ពុជា ដើម្បីក្លាយជាអ្នកសង្កេតការណ៍ ក្នុងអង្គការកិច្ចសហប្រតិបត្តិការអ៉ីស្លាម (Organisation of Islamic Cooperation-OIC)។
លោកឧបនាយករដ្ឋមន្រ្តី និង លោកឯកអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ៕