អឺរ៉ុប៖ ជនភៀសខ្លួនចំនួន ២លាននាក់ដែលបានរត់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចូលទៅកាន់បណ្ដាប្រទេសជិតខាងនឹងប្រឈមទៅនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំង នៅទូទាំងអឺរ៉ុបខាងកើតនៅសប្ដាហ៍នេះ។ អាកាសធាតុចុះត្រជាក់បានគ្របដណ្ដប់ពាសពេញតំបន់កាលពីថ្ងៃចន្ទ ហើយសីតុណ្ហភាពនឹងបន្តធ្លាក់ចុះនៅពេលប៉ុន្មានថ្ងៃខាងមុខ ខណៈខ្យល់ត្រជាក់ខ្លាំងនៅតំបន់អាកទិក។
សារព័ត៌មាន Fox News បានរាយការណ៍ថា ទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែនគ្មានអគ្គិសនី និងខ្វះខាតទឹកប្រើប្រាស់ ស្របពេលមានសីតុណ្ហភាពអាក្រក់បែបនេះ។ ជនភៀសខ្លួនចេញពីអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនចូលទៅក្នុងទីក្រុង Siret ភាគខាងជើងរបស់ប្រទេសរ៉ូម៉ានីកាលពីថ្ងៃអង្គារ ក្រោមអាកាសធាតុត្រជាក់ធ្លាក់ព្រិលយ៉ាងខ្លាំង។ នៅព្រំដែនឆ្លងចូលទីក្រុង Siret នេះដែរ ស្ត្រីដែលកំពុងគេចចេញពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ត្រូវបានទទួលស្វាគមន៍ដោយជូនផ្កា tulips និងផ្កាផ្សេងទៀតដើម្បីអបអសារទិវាសិទ្ធិនារីអន្តរជាតិ។ ខណៈមនុស្សមួយចំនួនបានភៀសខ្លួនទៅកាន់ទីក្រុងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន មនុស្សជាច្រើនបានជ្រើសរើសផ្លូវចាកចេញពីប្រទេសនេះ។
អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ របស់អង្គការសហប្រជាជាតិបានសរសេរលើ Twitter ថា មនុស្ស ២លាននាក់បានចាកចេញ ហើយក្នុងនោះមានយ៉ាងហោចណាស់ ១០ម៉ឺននាក់ដែលមិនមែនជាជនជាតិអ៊ុយក្រែន។ ខណៈដែលការវាយប្រហារពីរុស្ស៊ីលើអ៊ុយក្រែនឈានចូលដល់សប្ដាហ៍ទី២ ទាហានរុស្ស៊ីបានបើកការវាយលុករុលទៅមុខក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូង ប៉ុន្តែផ្អាកនៅក្នុងតំបន់មួយចំនួនផ្សេងទៀត។ ការបាញ់ផ្លោង និងគ្រាប់រ៉ូកែតបានស្រោចលើមជ្ឈមណ្ឌលនានា ដែលមានប្រជាជនច្រើនផ្សេងទៀតរួមមានតំបន់ Bucha ជាយរដ្ឋធានីគីវ ជាទីដែលអភិបាលក្រុងបានរាយការណ៍ពីការបាញ់ផ្លោងដោយគ្រាប់កាំភ្លើងធំ៕