(ត្បូងឃ្មុំ)៖ ថ្លែងចេញពីខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឆ្នាំ២០២២នេះ នឹងប្រារព្ធជាធម្មតា។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាយើងអត់វ៉ាក់សាំងឆ្នាំនេះ ប្រហែលជាអត់បានចូលឆ្នាំទៀត មិនត្រឹមតែមិនបានចូលឆ្នាំ និងមានមនុស្សស្លាប់ទៀត ប៉ុន្តែឆ្នាំនេះ ការចូលឆ្នាំនៅបន្ត»។
សម្តេចតេជោ ហ៊ុន សែន បាន បញ្ជាក់ថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពសាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនអាចដំណើរការបានដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជាក់ស្តែងនាម្សិលមិញ ថ្ងៃសៅរ៍-ថ្ងៃអាទិត្យ រយៈពេល២ថ្ងៃនេះ ក៏មាន១៩ម៉ឺននាក់ នៃទេសចរណ៍ដើរលេង ចឹងទេយើងនឹងបន្ត នៅក្នុងដំណើរការចាក់វ៉ាក់សាំង ហើយវ៉ាក់សាំង គឺសេដ្ឋកិច្ច។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើអត់មានការចាក់វ៉ាក់សាំងទេ ភាពសាំសហគមន៍ក៏អត់មាន តើឲ្យបើកទីផ្សារយ៉ាងម្ដេច, បើកសេដ្ឋកិច្ចយ៉ាងម្ដេច, ធ្វើទំនាក់ទំនងយ៉ាងម្ដេច ហើយបរទេសហ៊ានចូលលេងកម្ពុជាឬទេ។
ទន្ទឹមគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់វ៉ាក់សាំងជូនដល់កម្ពុជា ហើយសម្ដេចបន្ដថា បើទោះបីកម្ពុជា អត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំង ដែលហួសសុពលភាពនោះឡើយ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ២០២២នេះ នឹងរៀបចំធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ ខែមេសា បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩៕