ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពីសុទិដ្ឋិនិយម នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ក្រោយពីកម្ពុជាបើកឲ្យមានសកម្មភាពសង្គមឡើងវិញ ហើយបើកទទួលភ្ញៀវទេសចរណ៍វ៉ាក់សាំងនោះ ឯកឧត្តម ចង់ឲ្យមានការហោះហើរត្រង់ឡើងវិញ រវាងកម្ពុជា-ចិន ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច ។
ក្នុងជំនួបជាមួយលោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៤ ខែមីនាម្សិលមិញ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានសម្តែងអំណរអរគុណ ចំពោះប្រទេសចិន ដែលបានបន្តផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីសង្ឃឹមចង់ឃើញការហោះហើរត្រង់ រវាងប្រទេសទាំងពីរ ចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ និងធុរៈកិច្ច ។
ក្នុងឱកាសនោះលោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើគ្រប់វិស័យ ។
ក្រៅពីការងារកិច្ចសហប្រតិបត្តិការភាគីទាំងពីរ ក៏បានពិភាក្សាទៅលើបញ្ហាកំពុងកើតឡើង ក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះឯកឧត្តម ប្រាក់ សុខុន លើកឡើងថា នៅចុងខែមីនា ឆ្នាំ២០២២ គណៈប្រតិភូគ្រោងធ្វើដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ។
ឯកឧត្តម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផល ដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិ ។
លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យមានវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរទស្សនកិច្ចការងាររបស់សម្ដេច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។
លោកជំទាវ បានគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិន ចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ហើយលោកជំទាវ សង្កត់ធ្ងន់ថា ប្រទេសចិននឹងដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ៕