(ភ្នំពេញ)៖ គ្រាដែលសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន កំពុងតែបន្ដផ្ទុះឡើងមិនទាន់ថមថយនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងយកចិត្តទុកដាក់ការពារសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ឲ្យបានម៉ឺងម៉ាត់ នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាងដែលមាននៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បើទោះបីសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនក៏ពិតមែន ប៉ុន្ដែមិនត្រូវមើលស្រាលលើស្ថានការណ៍នោះទេ ពោលខ្លាចក្រែងមានជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឲ្យមានបញ្ហាតែម្ដង។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «យើងចាំបាច់ត្រូវយកចិត្តទុកដាក់ដើម្បីធានានូវសុវត្ថិភាពដល់ស្ថានទូត ស្ថានតំណាង ដែលមានការពាក់ព័ន្ធ ហើយដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសកម្ពុជាឲ្យបានជាដាច់ខាត។ យើងមិនត្រូវមើលស្រាលចំពោះជនឱកាសនិយម ឬឧក្រិដ្ឋជន ដែលអាចនឹងប្រើប្រាស់ស្ថានការណ៍នេះ ធ្វើឲ្យមានបញ្ហាដល់ស្ថានទូត ឬស្ថានតំណាង ឬបុគ្គលិក មន្ដ្រីស្ថានទូត ស្ថានតំណាងនោះទេ។ នេះជាបញ្ហាដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីការពារ»។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា បញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលមកដល់កម្ពុជាដំបូងបំផុត គឺទាក់ទងនឹងការឡើងថ្លៃប្រេង ដែលស្នើសុំដល់ប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ ព្រោះនេះមិនមែនជាកត្តាដែលកើតចេញនៅក្នុងប្រទេសកម្ពុជានោះទេ ហើយបណ្ដាប្រទេសផ្សេងគ្នា ក៏បានជួបប្រទះនូវបញ្ហានេះដូចគ្នាផងដែរ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យបន្ដយកចិត្តទុកដាក់ ដើម្បីការពារគ្រប់គោលដៅនយោបាយ សេដ្ឋកិច្ច វប្បធម៌ទាំងអស់ដែលមាននៅក្នុងរាជធានីភ្នំពេញ ក៏ជាភារកិច្ចដ៏សំខាន់ ដែលមិនត្រូវមើលស្រាលផងដែរ។
សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន បានក្លាយជាប្រធានបទសំខាន់នៅលើពិភពលោក ដោយប្រទេសនានាសម្តែងការព្រួយបារម្ភចំពោះការរីករាលដាលសង្គ្រាម ហើយអំពាវនាវឲ្យមានការអត់ធ្មត់ និងមានកិច្ចសន្ទនា។ ក្នុងសង្គ្រាមរយៈពេលជាងសប្តាហ៍មកនេះ មានមនុស្សរាប់ពាន់នាក់ស្លាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងទីក្រុងធំៗរបស់អ៊ុយក្រែន បានរងការវាយប្រហារស្ទើរខ្ទេចខ្ទាំ៕