(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា មានអតីតនិស្សិតខ្មែរ២៣នាក់ កំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ ក្នុងប្រទេសអ៊ុយក្រែន ពេលនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា៖ «បន្ថែមលើព័ត៌មានបឋមដែលបានជម្រាបជូនកាលពីថ្ងៃទី២៥កុម្ភះ ខ្ញុំសូមជំរាបជូនថា តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជា នៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រេនទេ ក៏ប៉ុន្តែមានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន២៣នាក់ដែលកំពុងរស់នៅលើទឹកដី ប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ»។
យ៉ាងណាក៏ដោយករណីនេះ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជាប្រចាំនៅរុស្ស៉ី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះ ដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕