(ម៉ូស្គូ)៖ តំណាងក្រសួងការពារជាតិរុស្ស៉ី លោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៉ីបានកម្ទេចវត្ថុសរុបចំនួន៨២១ នៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលប្រតិបត្តិការយោធាបាននិងកំពុងប្រព្រឹត្តនៅថ្ងៃទី៣។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
មន្រ្តីយោធារុស្ស៉ីរូបនេះបានរៀបរាប់ថា ក្នុងចំណោមវត្ថុទាំងនោះ រួមមាន ព្រលានយន្តហោះយោធាចំនួន ១៤កន្លែង, ប៉ុស្តិ៍បញ្ជាការនិងមជ្ឈមណ្ឌលទាក់ទង ១៩កន្លែង, ប្រព័ន្ធប្រឆាំងមីស៉ីល S-300 និង Osa ២៤គ្រឿង, ស្ថានីយរ៉ាដា ៤៨កន្លែង, យន្តហោះចម្បាំង ៧គ្រឿង, ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះដ្រូន ៩គ្រឿង, រថក្រោះនិងរថពាសដែក ៨៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៨គ្រឿង, កាណូតចម្បាំង ៨គ្រឿង ព្រមទាំងបរិក្ខាយោធារាប់រយផ្សេងទៀត។
បើតាមលោក Konashenkov យោធារុស្ស៉ីបានប្រើប្រាស់មីស៉ីលគ្រូសរយៈចម្ងាយឆ្ងាយ វាយប្រហារចេញពីតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោក ទៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន។ ជាមួយគ្នានេះ កងទ័ពរុស្ស៉ីក៏ដណ្តើមកាន់កាប់បានទាំងស្រុងនូវទីក្រុងម៉េលីតូប៉ូល (Melitopol) ដែលនៅភាគខាងត្បូងប្រទេសអ៊ុយក្រែនផងដែរ ខណៈការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅតាមទីក្រុងផ្សេងៗទៀត រួមមានទាំងរដ្ឋធានីកៀនរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា ក្រោយការព្រមានជាដដែលៗពីសហរដ្ឋអាមេរិក ទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចបើកប្រតិបត្តិការយោធាទៅលើអ៊ុយក្រែន ដែលជាប្រទេសជិនខាងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕