(ក្រចេះ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងផ្តល់បរិយកាសឱ្យគណបក្សទាំងអស់ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ឆ្នាំ២០២២ខាងមុខ មានសិទ្ធិជួបជុំសមាជិក សមាជិកា និងលើកផ្លាក ដូចគណបក្សកាន់អំណាច។
ការអំពាវនាវបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានចំនួន ៧កន្លែង នៅក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះគ្រប់ខេត្ត រាជធានី ក៏ដូចជាមូលដ្ឋានរបស់ប្រទេសយើងទាំងអស់ បង្កលក្ខណៈសម្បត្តិសម្រាប់បណ្តាគណបក្សនយោបាយនានា ធ្វើសកម្មភាព ដែលនៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតមួយនឹងមកដល់ហើយ ដូច្នេះ គណបក្សនយោបាយដែលចុះបញ្ជីដោយស្របច្បាប់ ទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ចាំបាច់ត្រូវផ្តល់លទ្ធភាពឱ្យពួកគេមានឱកាសដើម្បីធ្វើសកម្មភាព […] យុទ្ធនាការបោះឆ្នោតមិនទាន់មកដល់ទេ ក៏ប៉ុន្តែ គេមានឱកាសជួបជុំសមាជិក សមាជិការបស់គេ មិនចាំតែមកឱកាសឃោសនាបោះឆ្នោតទេ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការជួបជុំសមាជិក សមាជិកា ក៏ដូចជាការលើកផ្លាកបក្ស មិនត្រូវមានការរំខានណាមួយពីមូលដ្ឋាននោះឡើយ ប៉ុន្តែពួកគេត្រូវទទួលបាននូវការការពារសុវត្ថិភាព ពីព្រោះសម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយអំពើហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់នោះឡើយ។ ខណៈការបោះឆ្នោតចុងក្រោយនេះនៅប្រទេសកម្ពុជា មិនមានមនុស្សណាម្នាក់ស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។
«មិនមែនតែគណបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាក បក្សដទៃទៀត ក៏មានសិទ្ធិលើកផ្លាកដូចយើងផងដែរ [..] ទីធ្លារសាធារណៈយើងអាចប្រជុំបាន បក្សដទៃក៏អាចប្រជុំបានដែរ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានរំលឹកពីការបោះឆ្នោតនៅជំនាន់ អ៊ុនតាក់ និងក្រោយមកក៏មានមនុស្សស្លាប់ និងរបួសដោយសារការបោះឆ្នោត ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០០៣មក ការរៀបចំការបោះឆ្នោតនៅកម្ពុជា មិនមានអ្នកស្លាប់ ឬរបួសដោយសារការបោះឆ្នោតនោះទេ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់មូលដ្ឋានទាំងអស់ គ្រប់ខេត្តធានាយ៉ាងម៉េចឱ្យសេរីភាពបណ្តលគណបក្សនយោបាយគេ អាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បីលើកផ្លាកគណបក្សនៅទីកន្លែងដែលយើងបានកំណត់ ហើយគណបក្សនយោបាយនានា ក៏ត្រូវតែគោរពនូវបែបទដែលមានចែងក្នុងច្បាប់ និងបទបញ្ជាដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាធរមានផងដែរ។ ធ្វើបែបនេះ យើងអាចធ្វើដំណើរទៅមុខក្នុងការបើកលំហរប្រជាធិបតេយ្យ ខណៈមានគណបក្សនយោបាយថ្មីៗបានបង្កើតមកច្រើនណាស់។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់សម្តេច គឺប្រៀបដូចជាបទបញ្ជាយ៉ាងដូច្នោះដែរ ពីព្រោះពេលមានបញ្ហាគេតែងតែជេនាយករដ្ឋមន្ត្រី ហើយគណបក្សដែលសម្តេចបានសំដៅនោះ គឺបណ្តាបក្សដែលបានចុះបញ្ជីផ្លូវការ រីឯគណបក្សមិនស្របច្បាប់ គឺជារឿងមួយផ្សេងទៀត។
ប្រមុខរដ្ឋាភិបាលក៏បានដឹងដែរថា បណ្តាគណបក្សជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការប្រជែងកៅអីឃុំ