ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃនេះ បានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវអនុវត្តគោរពប្រតិបត្តិទៅតាមច្បាប់កំណត់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។
ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា មន្ដ្រីនគរបាលមិនត្រូវរំលោភបំពានលើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់ជាដាច់ខាត ហើយ«កងកម្លាំងនគរបាលដែលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ គោរពអនុវត្តប្រតិបត្តិគំរូរបស់យើងលើការអនុវត្តច្បាប់។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុស ហើយមិនបានទទួលស្គាល់កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះមន្ដ្រីនគរបាលត្រូវតែយល់ច្បាស់អំពីច្បាប់ ពិសេសអ្វីដែលជាធាតុផ្សំបទល្មើស ភស្ដុតាង ដើម្បីកុំឲ្យមនុស្សខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយអនុវត្តខុសច្បាប់ ខណៈយើងធ្វើកិច្ចការងារជំនាញ យើងត្រូវសិក្សាឲ្យដល់ ឬសគល់របស់វា សម្ដៅធ្វើយ៉ាងមិនឲ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលដែលប្រព្រឹត្តនូវបទល្មើស ជាជនទុច្ចរិតឲ្យត្រូវទៅនឹងទម្រង់ទាំងអស់នេះ។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវចូលរួមថែរក្សាសន្ដិភាព ដែលស្វែងរកបានដោយលំបាក ព្រោះបើគ្មានសុខសន្ដិភាព គឺគ្មានការអនុវត្តនោះឡើយ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ មិនត្រូវក្បត់មនសិកា មិនក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋនោះទេ ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា ក្នុងវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃ ក្នុងមានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន ចំនួន៣២។ ដោយឡែក វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានចំនួន២៦។
លោកឧត្តមសេនីយ៍ឯក អ៊ុ អុន បានបញ្ជាក់ថា គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ ពេលសិក្សាមេរៀននីមួយៗទាំងទ្រឹស្តី ការអនុវត្តជាក់ស្តែងលើទីលាន គ្រូតម្រូវធ្វើតេស្ត ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សិលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ៕