(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណា ក្នុងការអនុម័តឲ្យបានឆាប់រហ័ស នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក «ស៊ីអូណូជិ» (Shionogi)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហើបអំពីចេតនាខាងលើ នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសភាជប៉ុន ដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រនេះ ដោយជំរុញឲ្យអាជ្ញាធរសុខាភិបាល ធ្វើការត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព ដែលត្រូវបានអះអាងដោយក្រុមហ៊ុន Shionogi ក្រោយការធ្វើតេស្តលើកចុងក្រោយនោះ ឲ្យបានឆាប់រហ័ស។
បើតាមកាសែត ម៉ាអ៊ិនីឈិ (Mainichi) របស់ជប៉ុន បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងអនុញ្ញាត ឲ្យក្រុមហ៊ុនផលិតឱសថ Shionogi ដាក់លក់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ឆាប់បំផុតនៅរដូវនិទាឃរដូវខាងមុខនេះ (ចុងខែមីនា)។
គួរបញ្ជាក់តាមក្រុមហ៊ុន Shionogi បានប្រកាសកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅថ្មីៗនេះថា ខ្លួនបានចាប់ផ្តើមធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) លើថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានលេខសម្គាល់ S-268019 ហើយ ដោយលទ្ធផលនឹងត្រូវយកទៅប្រៀបធៀប ជាមួយនឹងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលត្រូវបានអនុម័តកន្លងមក៕