(ភ្នំពេញ)៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅតែបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងក្នុង Facebook យ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ហើយបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ចៀសវាងការឆ្លងមេរោគកូវីដ-១៩ ។ កម្ពុជាទោះបីមិនសូវទំនើបដូចគេ ក៏ប៉ុន្តែយើងបានខិតខំពង្រឹង ការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរចេញចូលក្នុងប្រទេសគ្រប់ច្រកទាំងអស់ ទាំងតាមដែនគោក និងតាមព្រលានយន្តហោះ ដែលគ្រប់ៗគ្នាត្រូវតែទទួលបានការពិនិត្យសុខភាព (Health Screening) ដោយអនុវត្តខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ចាប់តាំងពីថ្ងៃទី២០ ខែ ឧសភាកន្លងទៅនេះ កម្ពុជាយើងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ថ្មីចំនួន៧នាក់ ហើយនៅថ្ងៃទី ២៦ ខែ មិថុនា កន្លងមកនេះ គឺយើងរកឃើញអ្នកឆ្លងកូវីដថ្មី ៩នាក់ថែមទៀត ដែលពួកគាត់ទើបបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះសរុបមកកម្ពុជាយើង គឺមានចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ទាំងអស់សរុបចំនួន១៣៩នាក់ ហើយព្យាបាលជាសះស្បើយបាន១២៩នាក់ នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសូវៀតចំនួន ១០នាក់។
ជំងឺកូវីដ-១៩ នៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ។ ថ្ងៃនេះតួលេខពីអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថានៅក្នុងប្រទេសចំនួន ២១៦ គឺមានអ្នកឆ្លងមេរោគកូវីដ១៩ បានកើនឡើងរហូតដល់ 9,473,214 នាក់ និងមានអ្នកស្លាប់ 484,249 នាក់។
ដើម្បីសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សូមបងប្អូនរស់នៅមានអនាម័យល្អ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ កុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩ឲ្យសោះ។
ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សារ ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវតែមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីឲ្យពលរដ្ឋ និងអតិថិជនប្រើប្រាស់កុំឲ្យ ឆ្លងរោគពីម្នាក់ទៅម្នាក់។ ព្រោះជំងឺនេះ យើងមើលមិនឃើញទេ គឺការពារប្រសើរជាងព្យាបាល។ សូមជូនពរបងប្អូនជនរួមជាតិ បានរីករាយជួបជុំក្រុមគ្រួសារ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា»៕