ប្រេស៊ីល៖ ក្រុមអ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះបានជីករកក្នុងដីល្បាប់ និងគំនរកម្ទេចកំទីបាក់បែកក្នុងទីក្រុង Franco da Rocha បន្ទាប់ពីការបាក់ដី និងទឹកជំនន់បង្កមកពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ និងបានបង្ខំឲ្យគ្រួសារជាច្រើនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ។
អ្នកសម្របសម្រួលប្រតិបត្តិការរបស់ក្រុមអ្នកពន្លត់អគ្គិភ័យនិយាយថា អ្នកស្លាប់ ៦នាក់បន្ថែមទៀតត្រូវបានរកឃើញនៅក្នុងទីក្រុង Franco da Rocha ហើយមនុស្ស ៣នាក់នៅបាត់ខ្លួននៅឡើយ។ រហូតមកដល់ពេលនេះយ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ដោយសារតែគ្រោះមហន្តរាយបាក់ដី និងទឹកជំនន់។ យោងតាមអង្គភាពការពារជនស៊ីវិលបានឲ្យដឹងថា ប្រជាជន ៦០០គ្រួសារមកពីក្រុងចំនួន ១១ ត្រូវបានផ្លាស់ទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាព៕