(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ បានបង្ហាញនូវការពេញចិត្ត ចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃការសាងសងស្ពានអាកាសនានា ក្នុងរាជធានីភ្នំពេញ ដោយប្រើប្រាស់វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» គឺយកធនធានពីទីតាំងអភិវឌ្ឍន៍ មកប្រើប្រាស់ក្នុងការកសាងហេដ្ឋា រចនាសម្ព័ន្ធចាំបាច់សម្រាប់បម្រើសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនោះ។
កន្លងមកក្នុងរាជធានីភ្នំពេញ ស្ពានអាកាសនានាដែលបានដាក់សម្ពោធឲ្យប្រើប្រាស់រួច និងកំពុងសាងសង់ គឺប្រើប្រាស់វិធានការ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» នេះ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីមួយទៀត ក្នុងរាជធានីភ្នំពេញ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងបានខិតខំរួមគ្នាដើម្បីបង្កើតនូវសមិទ្ធផលថ្មីនេះ [ស្ពានអាកាស] តាមរយៈនៃការប្រើវិធានការយកស្លឹកត្នោតខ្ចប់ស្ករត្នោត បានសេចក្តីថាគម្រោងកោះនរា ត្រូវបានយកមកអភិវឌ្ឍន៍នៅតំបន់នេះ ហើយយកចេញពីកន្លែងនេះ [គម្រោងក្រុងរណបជ្រោយចង្វារ] ទៅធ្វើកន្លែងផ្សេង [សង់ស្ពានអាកាសចោមចៅ] អីចឹងវិធីដោះស្រាយបានទាំង២ ម្ខាងគឺការអភិវឌ្ឍន៍ និងម្ខាងទៀតគឺហេដ្ឋារចនាសម្ព័ន្ធចាំបាច់បម្រើឲ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។
ចំពោះការសាងសង់ស្ពានអាកាស លើបណ្តោយផ្លូវជាតិលេខ៥ សម្តេចតេជោ ចាត់ទុកជារឿងចាំបាច់ ដើម្បីបញ្ចៀសនូវចរាចរកកស្ទះ នៅពេលដែលស្ពានភ្ជាប់ពីខណ្ឌឫស្សីកែវ និងខណ្ឌជ្រោយចង្វារត្រូវបានតភ្ជាប់ ដូច្នេះជម្រើសដ៏បំផុតគឺការកសាងស្ពានអាកាស ដើម្បីឲ្យផ្លូវជាតិលេខ៥ ចរាចរធម្មតា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអាណិកជនកម្ពុជា (OCIC) ដែលបានខិតខំប្រឹងប្រែងសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍នៅតំបន់ជ្រោយចង្វារនេះ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានអាកាសជាច្រើនកន្លងមក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការតភ្ជាប់រវាងពីតំបន់មួយទៅតំបន់មួយ មិនមែនមានចរិតតែប្រទេស និងប្រទេសនោះទេ កម្ពុជាមានតម្រូវការនៃការតភ្ជាប់ផ្ទៃក្នុងខ្លួនឯងជាចាំបាច់ និងការតភ្ជាប់ជាមួយប្រទេសជិតខាងផងដែរ៕