(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន។
ការអះអាងរបស់ សម្តេ ចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច បានអនុញ្ញាតឱ្យ លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាតែងតែសម្តែងការគាំទ្រដល់ការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ហើយចំពោះមុខ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តជំរុញសរសេរស្តម្ភសេដ្ឋកិច្ច និងសង្គម វប្បធម៌អាស៊ាន ខិតខំរៀបចំបេសកកម្មស្វែងរកការពិតនៅប្រទេសទីម័រខាងកើតឱ្យបានឆាប់ ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ និងរៀបចំផែនទីចង្អុលផ្លូវ ព្រមទាំងពេលវេលាច្បាស់លាស់សម្រាប់ប្រទេសទីម័រខាងកើត ចូលជាសមាជិកអាស៊ាន។
ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីប្រមុខការទូតនៃប្រទេសទីម័រខាងកើត បានស្នើសុំជាថ្មីចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ឱ្យជួយប្រទេសទីម័រលេស្តេ ដើម្បីបានចូលជាសមាជិកទី១១របស់ អាស៊ាន។
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត (Democratic Republic of East Timor) ជាប្រទេសដែលមាន វ័យក្មេងបំផុតមួយនៅតំបន់អាស៊ី ដែលបានទទួលឯករាជ្យទាំងស្រុងពី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។ ប្រទេសនេះមានព្រំដែនជាប់ ប្រទេសឥណ្ឌូណេស៊ីតែមួយប៉ុណ្ណោះ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី។ ចាប់តាំងពីឆ្នាំ ២០០៧មក ប្រទេសទីម័រខាងកើត បានបង្ហាញពីការព្យាយាមរបស់ខ្លួន ដើម្បីក្លាយជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន ហើយជាក់ស្តែងសំណើសុំផ្លូវការ ដើម្បីក្លាយជាសមាជិកនេះ ត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១១។
អាស៊ានត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដែលដំបូងឡើយមានប្រទេសចំនួន៥ គឺម៉ាឡេស៉ី ឥណ្ឌូនេស៉ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ក្រោយឆ្នាំ១៩៨៤ ទើបប្រទេស៥ទៀតក្នុងតំបន់ ចូលជាបន្តបន្ទាប់ទៀត រួមមាន៖ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ចូលថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៩៩៕