សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានបញ្ជូនសារដ៏ច្បាស់បំផុតថា វិស័យសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី ព្រមទាំងមេដឹកនាំរុស្ស៊ីខ្លួនឯងផងគឺលោក Vladimir Putin អាចប្រឈមនឹងទណ្ឌកកម្មដ៏ធ្ងន់ធ្ងរបំផុតដែលរុស្ស៊ីមិនធ្លាប់ជួប ប្រសិនបើឈ្លានពានអ៊ុយក្រែន។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាក់ថា សមភាគីរុស្ស៊ីអាចប្រឈមនឹងការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន បើក្រុងមូស្គូបើកភ្លើងខៀវឲ្យកងកម្លាំងរបស់ខ្លួនចូលឈ្លានពានអ៊ុយក្រែន។
រុស្ស៊ីមានកងទ័ពប្រមាណ ១០ម៉ឺននាក់ និងយុទ្ធោបករណ៍ប្រចាំការនៅទីតាំងផ្សេងៗគ្នានៅតាមព្រំដែនជាមួយអ៊ុយក្រែន និងដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចបារម្ភកាន់តែខ្លាំងថា រុស្ស៊ីកំពុងរៀបផែនការឈ្លានពាន បើទោះបីជាក្រុងមូស្គូច្រានចោលដដែលៗក៏ដោយ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបបាននិយាយរួចមកហើយថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មថ្មីទៀតលើបុគ្គល និងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់ខ្លួន បើឈ្លានពានអ៊ុយក្រែនមែននោះ។ រុស្ស៊ីធ្លាប់បានទទួលរងការដាក់ទណ្ឌកម្មរួចទៅហើយទៅលើវិស័យជាច្រើនដូចជា៖ ថាមពល ហិរញ្ញវត្ថុ និងវិស័យការពារជាតិដោយសារតែយកតំបន់គ្រីមៀ (Crimea) របស់អ៊ុយក្រែនដាក់បញ្ចូលជាឧបសម្ព័ន្ធកាលពីឆ្នាំ២០១៤៕