ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ដែលជាកត្តាជំរុញឱ្យរាជធានីភ្នំពេញ ផ្លាស់ប្ដូរមុខមាត់យ៉ាងលឿនជាមួយនឹងកំណើននៃអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅថ្ងៃទី២៧ ខែមករានេះ ជាមួយនឹងការបង្ហោះរូបថតបង្ហាញទិដ្ឋភាពពីលើអាកាសនៃសំណង់អគារខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឱ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុងនៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរៀបរាប់បន្តថា៖ «ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»។
ជាមួយនឹងការបង្ហាញនូវរូបភាពនៃទិដ្ឋភាពរាជធានីភ្នំពេញចំនួន៧សន្លឹក នៅក្នុងផេកហ្វេសបុកផ្ទាល់របស់សម្តេច នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ២០២២នេះ។ បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។
សម្តេចតេជោ បានសង្កត់ធ្ងន់ទៀតថា៖ «ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអរគុណសន្តិភាព!»៕