ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញបទបញ្ជាដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលឡើងវិញ ក្នុងការអនុញ្ញាតឲ្យនាំសារធាតុញៀនចូលមកប្រទេសកម្ពុជា ខណៈគ្រឿងញៀនចរាចរចូលមកកម្ពុជា មិនទាន់មានការថមថយនៅឡើយ។
ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា នាពេលថ្មីៗនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀន ដឹកចូលមកកម្ពុជាដោយស្របច្បាប់ ជាង១០០តោន ហើយករណីនេះសម្ដេច បានចោទសួរថា តើអ្នកណាទទួលខុសត្រូវ? ក្នុងការនាំសារធាតុញៀនទាំងនេះ ចូលមកប្រទេសកម្ពុជានោះ។
សម្ដេចក្រឡាហោម បានបន្ដថាយើងត្រូវរកឱ្យឃើញអ្នកទទួលខុសត្រូវចំពោះការនាំសារធាតុញៀនទាំងនោះចូលមកកម្ពុជា ដោយហេតុថា ការនាំគ្នាចុះហត្ថលេខា អនុញ្ញាតឱ្យនាំសារធាតុញៀនចូលមកកម្ពុជានេះ ព្រៀបដូចនាំរថយន្ដគេចពន្ធចូលមកកម្ពុជាយ៉ាងដូច្នេះដែរ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមឲ្យក្រសួង ដែលជាក្រសួងអាជ្ញាប័ណ្ណ ដោយនិយាយប៉ុណ្ណឹងមិនបាច់បញ្ចេញឈ្មោះទេ ខ្ញុំនិយាយប៉ុណ្ណឹងដឹងហើយ សូមឯកឧត្តមរដ្ឋមន្ដ្រី មើលរឿងហ្នឹង បើមិនចឹងទេ? ឯកឧត្តម ជាប់ជំពាក់ទទួលខុសត្រូវចំពោះសង្គមកម្ពុជា ទាក់ទងការបំផ្លាញសុខភាពសាធារណៈ ហើយអាជ្ញាធរគ្រឿងញៀនត្រូវពិនិត្យរឿងឱ្យច្បាស់លាស់»។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀត ដល់ក្រសួងដែលចេញអាជ្ញាប័ណ្ណនោះ ត្រូវបញ្ជូនលិខិតមកក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាល និងអាជ្ញាធរគ្រឿងញៀន បានដឹងផងដែរ។ ដើម្បីឲ្យក្រសួងមហាផ្ទៃដឹងថា ការនាំសារធាតុញៀនចូលមកម្ពុជានេះគឺដើម្បីនាំមកយកធ្វើជីឬធ្វើថ្នាំ ឬក៏ធ្វើអ្វីផ្សេងៗទៀត។
សម្ដេច ចោទសួរបន្ថែមថា មូលហេតុអ្វីបានមិនផ្ដល់ដំណឹងឱ្យគ្នាទៅវិញទៅមកដើម្បីធ្វើយ៉ាងណា កុំសារធាតុញៀននេះ ក្លាយទៅជាគ្រឿងញៀនបំពុលសង្គមខ្មែរនោះ៕