បាល់ទាត់៖ ក្លិបគិរីវង់សុខសែនជ័យបានប្រកាសតែងតាំងគ្រូបង្វឹកថ្មី ជំនួសកៅអីអតីតគ្រូបង្វឹកជនជាតិថៃលោក Ekapob Putisai ជាផ្លូវការហើយគឺគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Manuel Retamero ដែលកាន់សញ្ញាបត្រកម្រិត UEFA Pro License។ នេះគឺជាផ្លាស់ប្ដូរថ្មីមួយទៀតរបស់ក្រុមមាន់គក់គិរីវង់ បន្ទាប់ពីក្លិបបានធ្វើការរុះរើទ្រង់ទ្រាយធំ ទាំងគ្រូបង្វឹក និងកីឡាករដើម្បីរៀបចំ និងត្រៀមរដូវកាលថ្មីដែលជាការប្រកួតដ៏តានតឹង ក្រោយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាកាត់សល់ក្រុមខ្លាំងៗត្រឹម ៨ក្រុមដើម្បីបន្ដលេងក្របខណ្ឌលីគកំពូលកម្ពុជាឆ្នាំ២០២២។
លោក Manuel Retamero មានបទពិសោធន៍ជោគជ័យលើសមរភូមិវាលស្មៅក្នុងនាមជាថ្នាក់ដឹកនាំផង និងជាកីឡាករផង។ ជាក់ស្ដែងរយៈពេល ១៨ឆ្នាំចុងក្រោយលោកបានដឹកនាំក្រុម និងថ្នាលយុវជននៅតាមបណ្ដាប្រទេសជាច្រើន ក្នុងនាមជាគ្រូបង្វឹក និងជានាយបច្ចេកទេស ដូចជាបារ៉ែន អាមេរិក ឥណ្ឌា និងម៉ុងហ្គោលីជាដើម។ ប៉ុន្ដែមុនវិវឌ្ឍន៍ខ្លួនក្លាយជាគ្រូបង្វឹក លោកក៏ធ្លាប់ចំណាយពេល ១៧ឆ្នាំជាកីឡាករផងដែរក្នុងនោះលោកក៏ធ្លាប់ចំណាយពេលច្រើនជាង ៧ឆ្នាំជាមួយក្លិបអាជីព Real Valladolid C.F. S.A.D ពិសេសលោកក៏ធ្លាប់រួមចំណែកជួយក្រុម Aizawl FC នៃលីគកំពូលឥណ្ឌាគ្រងជើងឯកពានរង្វាន់ Hero I-League និងជួយឲ្យក្រុម Ulaanbaatar គ្រងជើងឯកពាន Mongolia Super Cup ទៀតផង។
ជាមួយវត្តមានរបស់គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ចំពោះក្រុមគិរីវង់សុខសែនជ័យដែលបាននឹងកំពុងត្រៀមខ្លួនយ៉ាងល្អ ក្នុងដំណើរឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់មួយកម្រិតទៀត ក្នុងក្របខណ្ឌលីគរដូវកាលថ្មី បន្ទាប់ពីក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាបានធ្វើកំណែទម្រង់ជាច្រើន ពិសេសបេក្ខភាពទាំង ៨ក្រុមសុទ្ធសឹងតែជាក្រុមខ្លាំងៗតែម្ដង៕