(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិប ត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ប៊ូយ ថាញ់សឺន (Bui Thanh Son) រដ្ឋមន្ត្រីការបរទេសវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ។
ជំនួបនេះបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសវៀតណាម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេសវៀតណាម បានអញ្ជើញមកប្រទេសកម្ពុជាកាលពីល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅរសៀលនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ៕