ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅព្រឹកមិញនេះ ក្រោយសួរដេញដោលពេញមួយព្រឹក សវនាការបានផ្អាកនឹងបន្តជាថ្មីទៀត នៅថ្ងៃទី២៥ មករា ខាងមុខ។
ពេញមួយព្រឹកថ្ងៃទី១៩ ខែមករាឆ្នាំ២០២២នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿង លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធទៅនឹងបទចោទ សន្ទិដ្ឋភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនការព្រឹកមិញនេះ រួមមានលោក កូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក សេង លាង និងលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការសវនាការ និងមានលោក ជ័យ វាសនា ជាក្រឡាបញ្ជី។
សវនាការនេះ បានចាប់ផ្តើមនៅម៉ោង៨ និង៣០នាទីព្រឹក និងត្រូវបានចៅក្រមប្រឹក្សាជំនុំជម្រះសម្រេចផ្អាកនៅម៉ោងជិត ១២ថ្ងៃត្រង់ថ្ងៃទី១៩ មករាដដែល ដោយនឹងបន្តសវនា ការនៅព្រឹកថ្ងៃទី២៥ ខែមករាបន្តទៀត។
នៅក្នុងសវនាការពេញមួយព្រឹក តុលាការបានប្រាប់គ្រប់ភាគីពីការអាក់ខានមួយរយៈនៃសវនាការដោយសារជំងឺកូវីដ១៩ និងបានរំលឹកពីរឿងក្ដីនេះ ដោយក្នុងនោះមេធាវីការពារលោក កឹម សុខា បានសំណូមពរឱ្យពន្លឿនសវនាការ។ នេះបើតាមលោក គី តិច មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីបានប្រាប់អ្នកសារព័ត៌មានក្រោយសវនាការបានផ្អាកនៅវេលាថ្ងៃត្រង់។
សូមរំលឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង ១ឆ្នាំ ទើបកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌក្នុងការដាក់ លោក កឹម សុខា ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការឡើងវិញ ដោយបន្ធូរបន្ថយនៅត្រឹមកាតព្វកិច្ចដូចជា មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕