(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។
វេទិកាទេសចរណ៍អាស៊ាន ជាវេទិកាដ៏មានសារសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ ដែលជាសមាជិកអាស៊ាន។ មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩ ប្រទេសសមាជិកអាស៊ាន គឺជាទីតាំងសម្រាប់លំហែកកាយ និងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។
របាយការណ៍បានបង្ហាញថា អ្នកទេសចរណ៍អន្តរជាតិចូលមកអាស៊ាន មានរហូតដល់ប្រមាណ ១៣៦,២៤លាននាក់ កំណើនប្រមាណ ៧ភាគរយ ហើយបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់។ វិស័យទេសចរណ៍នេះ បានផ្តល់ចំណូលប្រមាណ ១០ភាគរយ នៃផលិតផលសរុបរបស់អាស៊ាន។ តែនៅឆ្នាំ២០២០ ទេសចរអន្តរជាតិ ចូលមកទស្សនាអាស៊ាន មានត្រឹមប្រមាណ ២៥.៩៦លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះប្រមាណ ៨០.៥ភាគរយ។ ចំណូលពីទេសចរណ៍ ធ្លាក់ចុះរហូតដល់ ៧៥.៨ភាគរយ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ ដែលរៀបចំឡើងនៅកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថា វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ ដោយផ្ទាល់លើកនេះ ឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, ភាពសុាំសហគមន៍, ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទជំងឺកូវីដ-១៩។ កត្តាទាំងនេះ ចូលរួមផ្តល់ភាពជឿជាក់ដល់ប្រតិភូជាតិ និងអន្តរជាតិ ព្រមទាំងអាចចូលរួមផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ចាប់ពីឆ្នាំ២០២២។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។
ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីដៃគូសន្ទនាដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA)។ ភ្ញៀវកិត្តិយស ដែលចូលរួមមានដូចជា៖ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរ (The Most Beautiful Bay Club) និងគោលដៅទេសចរណ៍មេគង្គ (Destination Mekong)។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់