ឥណ្ឌូនេស៊ី៖ នគរបាលក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ បានពិនិត្យមើលការខូចខាតអគារដែលបណ្តាលមកពីរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ។ ការរញ្ជួយដីដែលមានចំណុចកណ្តាលនៅកោះជ្វាភាគខាងលិចបានធ្វើឲ្យរញ្ជួយខេត្ត Banten និងទីក្រុងហ្សាកាតា។ ការរញ្ជួយដីនេះបានបណ្តាលឱ្យខូចខាតធ្ងន់ធ្ងរដល់លំនៅឋានចំនួន ៦ខ្នងនៅកោះជ្វាខាងលិច និងបណ្ដាលឲ្យខូចខាតស្រាលដល់លំនៅឋានរាប់សិបខ្នងផ្សេងទៀតនៅក្នុងតំបន់។
វីដេអូត្រូវបានចែករំលែកដោយនគរបាលក្នុងតំបន់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការខូចខាតលំនៅឋានជាច្រើនខ្នងនៅក្នុងខេត្ត Banten ដោយមានស្នាមប្រេះដែលអាចមើលឃើញនៅលើជញ្ជាំង និងផ្នែកទាំងមូលនៃអគារត្រូវបានបំផ្លាញ។ ប្រជាជនក្នុងទីក្រុងហ្សាកាតាបាននិយាយថា អគាររញ្ជួយ ហើយបានជម្លៀសខ្លួនចេញ។ យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា គ្មានអ្នកស្លាប់ និងរងរបួសត្រូវបានកត់ត្រាជាបឋមក្នុងឧប្បត្តិហេតុនេះឡើយ។ ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា រញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាចម្ងាយប្រមាណ ៨៨គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Labuan ជាទីក្រុងឆ្នេរសមុទ្រក្នុងខេត្ត Banten និងស្ថិតក្នុងជម្រៅ ៣៧គីឡូម៉ែត្រ៕