ភ្នំពេញ៖ នៅក្នុងកិច្ចជំនួបទ្វេភាគី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ម្សិលមិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនលើកិច្ចសហប្រតិបត្តិ ទ្វេភាគី ទំាងក្របខណ្ឌប្រទេស និងតំបន់។
នៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ខណៈនៅក្នុងឆ្នាំ២០២២នេះកម្ពុជាទទួលធ្វើជាប្រធានអាស៊ាននោះ សម្ដេចសង្ឃឹមថាប្រទេសហ្វីលីពីននឹងបន្តចូលរួមគាំទ្រដល់ការបំពេញតួនាទីនេះរបស់កម្ពុជា ដើម្បីបម្រើផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហ្វីលីពីន ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលរួមមានទីមួយគឺវិស័យសន្តិសុខ និងទីពីរគឺពាក់ព័ន្ធនឹងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនោះ សម្ដេចក្រឡាហោម បានសម្ដែងក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការចែករំលែកបទពិសោធន៍ទៅវិញទៅមកពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាក៏បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតផងដែរ ពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជាដែរ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកំពុងអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំដំណាក់កាលទី២របស់ខ្លួន។
សម្ដេច ក៏បានជម្រាបជូនទៀតថា សម្ដេចពិតជាមានមោទនភាពដែលបានមើលឃើញនូវលទ្ធផលនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជានាពេលកន្លងមក និងថានៅដំណាក់កាលទី២នេះក៏ជាដំណាក់កាលដ៏មានសារៈសំខាន់ក្នុងការផ្ទេរនូវធនធាន និងអំណាចទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ អ្នកស្រីMaria Amelita C.Aquino បានជម្រាបសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី នូវការចូលរួមសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងបញ្ហាជំងឺកូវិត១៩ និងបានសម្ដែងការវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជាយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។
អ្នកស្រី ក៏បានជម្រាបជូនសម្ដេចក្រឡាហោមទៀតថា ហ្វីលីពីននៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ព្រមទាំងនឹងបន្តចូលរួមគាំទ្ររាល់ព្រឹត្តិការណ៍ ដែលក្រសួងមហាផ្ទៃត្រូវធ្វើជាប្រធានដឹកនាំនៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។
ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខណ្ឌអាស៊ាន លោកស្រី ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅក្នុងវិស័យសន្តិសុខ ដែលមានកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន បញ្ហាគ្រឿងញៀន បញ្ហាបទល្មើសបច្ចេកវិទ្យា និងអំពើជួញដូរមនុស្សជាដើម ដែលកិច្ចការទាំងនេះមួយផ្នែកធំស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជានោះ៕