បាល់ទាត់៖ អតីតខ្សែការពារក្រុមជំរើសជាតិទួរគីកីឡាករ Ahmet Calik បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរនៅថ្ងៃអង្គារម្សិលមិញ។ នគរបាលចរាចរក៏កំពុងស៊ើបអង្កេតផងដែរ ដើម្បីឱ្យដឹងមូលហេតុច្បាស់លាស់ដែលឈានដល់កើតមានគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យសោកស្ដាយមួយនេះ។
Ahmet Calik គឺជាកីឡាកររបស់ក្លិបទួរគី Konyaspor តាំងពីឆ្នាំ២០២០ ដែលផ្ទេរពី Galatasaray។ ក្លិប Konyaspor បានចេញសេចក្តីថ្លែងការរំលែងទុក្ខដ៏សោកសង្រេង ចំពោះការបាត់បង់កីឡាកររបស់ដែលមានទេពកោសល្យ និងជាទីស្រលាញ់របស់អ្នកគាំទ្រ។ Ahmet Calik បានចាប់ផ្តើមអាជីពជាមួយក្លិប Genclerbirligi ដែលបង្ហាញខ្លួនបានជាង ៥០ប្រកួតមុនពេលផ្លាស់ទៅ Galatasaray នៅឆ្នាំ២០១៧។ Calik ក៏ធ្លាប់ជាប់ជំរើសជាតិទួរគីជាច្រើនប្រភេទអាយុផងដែរតាំងពី U-16 ដល់ U-21 និងធ្លាប់ជាប់ជំរើសជាតិផងដែរចន្លោះឆ្នាំ២០១៥-២០១៧ បង្ហាញខ្លួនបាន ៨ប្រកួតរកបានមួយគ្រាប់។ Ahmet Calik ធ្លាប់ឈ្នះជើងឯកលីគកំពូលទួរគី Super Lig ជាមួយ Galatasaray ពីរលើក, ឈ្នះជើងឯកទួរគីខាប់ ១លើក និងពានទួរគីស៊ូពើខាប់ ១លើក៕