ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី២។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះ ធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ពិធីចុះហត្ថលេខាលើឯកសារចំនួន២គឺ ទី១ . ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចុះហត្ថលេខាលើលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ឥណទានសម្បទានដែលមានទឹកប្រាក់សរុប ២០ប៊ីលានយ៉េនស្មើនឹង ១៨៥លានដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍គម្រោងគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវី១៩ ដំណាក់ការទីពីរនៅកម្ពុជា។
ទី២. ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រីKAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (Jica) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងគាំទ្របន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវី១៩ ដំណាក់ការទីពីរនៅកម្ពុជា។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាឥណទានសម្បទាន នេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទានជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់ឥណទានសម្បទាន ដល់កម្ពុជាជាង ៤២០លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាឥណទានសម្បទាន របស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។
ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាថវិកាជាង ៦០លានដុល្លារអាមេរិក។
ព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកម្រិត១ និង២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះ។
ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយររងគ្រោះកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តកាលពីខែ មិថុនា ឆ្នាំ ២០២០មកម្លេះ។ គិតចាប់ពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១ កម្មវិធីនេះ អនុវត្តបានចំនួន ១៨លើក ដោយបានចំណាយថវិការដ្ឋជាង ៥៣១ លានដុល្លារ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ក្រីក្រ ៩ខែបន្តទៀត សម្រាប់ឆ្នាំ ២០២២។
រយៈពេល ៩ខែនៃការបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ រាជរដ្ឋាភិបាល អាចចំណាយថវិកាសរុបប្រមាណ ២៧០លានដុល្លារ។នេះជាការលើកឡើង របស់មន្រ្តីជំនាញក្រសួងសង្គមកិច្ច ដែលអនុវត្តផ្ទាល់លើកម្មវិធីនេះ៕