(តៃប៉ិ)៖ កងទ័ពអាកាសតៃវ៉ាន់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានសម្រេចផ្អាកបេសកកម្មបណ្ដុះបណ្ដាល សម្រាប់កងកម្លាំងទ័ពអាកាស ដោយប្រើប្រាស់យន្ដហោះចម្បាំង F-16 ជាបណ្ដោះអាសន្ន បន្ទាប់ពីយន្ដហោះចម្បាំងទិញពីសហរដ្ឋអាមេរិកប្រភេទនេះ បានធ្លាក់ចូលសមុទ្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។
បើតាមក្រសួងការពារជាតិតៃវ៉ាន់ F-16V មួយគ្រឿង ដែលជាយន្ដហោះចម្បាំងដ៏ទំនើបបំផុតរបស់ខ្លួន បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញពីមូលដ្ឋានទ័ពអាកាស ជាយី (Chiayi) ស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ កំឡុងចូលរួមក្នុងបេសកកម្មបណ្ដុះបណ្ដាល កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។
ចំណែកឯ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) ក៏បានចេញបញ្ជាឱ្យធ្វើប្រតិបត្តិការតាមស្វែងរក យន្ដហោះចម្បាំងនេះ និងពីឡុត ព្រមទាំងបើកការស៊ើបអង្កេតមួយ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះផងដែរ។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០២០, យន្ដហោះចម្បាំង F-16 មួយគ្រឿងរបស់កងទ័ពអាកាសតៃវ៉ាន់ ក៏ធ្លាប់បាត់ចេញពីប្រព័ន្ធរ៉ាដាដែរ បន្ទាប់ពីហោះចេញពីមូលដ្ឋានទ័ព អាកាស ហ័រលៀន (Hualien) កំឡុងធ្វើបេសកកម្មហោះហើរជាប្រក្រតី។ សម្រាប់យន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ ដែលបានជួបគ្រោះថ្នាក់ចុងក្រោយនេះ ទើបតែបានធ្វើទំនើបកម្ម (upgrade) រួចរាល់ កាលពីពេលថ្មីៗនេះប៉ុណ្ណោះ៕