(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២១នេះ បានចេញសារាចរស្តីពីការជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
សារាចរណែនាំបានឲ្យដឹងថា កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូតសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញ លើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១។
ការសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ គឺដោយសាររាជរដ្ឋាភិបាលបានដាក់ចេញ និងបានអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាយុទ្ធសាស្រ្តគន្លឹះដ៏សំខាន់មួយ និងជាខ្សែក្រវាត់ការពារទី១ ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសហគមន៍ទប់ទល់នឹងមេរោគកូវីដ-១៩ ដែលគិតមកទល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូន ប្រជាជនដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ បានប្រមាណជិត ៩០% ធៀបនឹងគោលដៅប្រមាណ១៦លាននាក់ ក្នុងនោះ មានប្រជាជនប្រមាណ ៤លាននាក់ បានទទួលការចាក់វ៉ាក់សាំងដូសជំរុញ។
ជាមួយគ្នានេះ, ការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ប្រជាជនគ្រប់ៗរូប, គ្រួសារនីមួយៗ, សហគមន៍ និងពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តបានយ៉ាងខ្ជាប់ខ្លួន និងត្រឹមត្រូវ នូវវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេស វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាអាទិ៍ ការពាក់ម៉ាស ការធ្វើអនាម័យ និងការរក្សាគម្លាតសុវត្ថិភាព ក៏ជាកត្តាគន្លឹះក្នុងការធ្វើឱ្យសម្រេចបាននូវការបើកដំណើរការប្រទេសជាតិពេញលេញឡើងវិញលើគ្រប់វិស័យ និងសម្រេចបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ផងដែរ។
ខណៈដែលប្រទេសជាតិ ត្រូវបើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាលពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានពេញលេញនៅឡើយ និងចំនួនប្រជាជន ដែលទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយ ទន្ទឹមនេះប្រជាជនមួយចំនួនហាក់បាន និងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេស វិធានការ «៣កុំ ៣ការពារ» ដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្តងទៀត។ ទន្ទឹមនេះ, កម្ពុជាក៏បានចាប់ផ្តើមរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍ផងដែរ។
ផ្អែកលើបរិបទខាងលើនេះ ជាពិសេសដើម្បីទប់ទល់នឹងការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុងក្នុងសហគមន៍, រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម៖
ទី១៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ដោយសហការជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដែលជាខ្សែក្រវាត់ការពារទី១ និងជាយុទ្ធសាស្ត្រ គន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជូនដល់ប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតក្រោម
សមត្ថកិច្ចរបស់ខ្លួន ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍ រឹងមាំពិតប្រាកដមួយសំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមក ពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
ទី២៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ត្រូវបន្តពង្រឹងយន្តការតាមដាន និងត្រួតពិនិត្យរបស់ខ្លួន លើវឌ្ឍនភាពនៃការអនុវត្តការងារចាក់វ៉ាក់សាំងកូវីដ-១៩ ប្រចាំថ្ងៃទាំងសម្រាប់ក្របខណ្ឌរាជធានី-ខេត្តនីមួយៗដាច់ដោយឡែកពីគ្នា ទាំងសម្រាប់ក្របខណ្ឌទូទាំងប្រទេស ព្រមទាំងត្រូវពង្រឹងយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា ទាក់ទងនឹងការអនុវត្តការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនជាក់ស្តែងនៅតាមមូលដ្ឋាន ជាពិសេសការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឱ្យត្រូវទៅនឹងស្ថានភាព ជាក់ស្តែងនៅក្នុងមូលដ្ឋាននីមួយៗ និងការធានាផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្តារាជធានី-ខេត្ត។
ទី៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, អនុគណៈកម្មការអប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងគណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការគ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការអប់រំ និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយបន្ថែមទៀតអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីឱ្យប្រជាជនមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។
ទី៤៖ គណៈអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការ «៣កុំ ៣ការពារ» និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាពិសេស ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប់ជាប្រចាំ។
រាជរដ្ឋាភិបាលជំរុញឲ្យគ្រប់ក្រសួង-ស្ថាប័ន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវសារាចរណែនាំថ្មីនេះ៕