បាល់ទាត់៖ ក្រុមជើងឯក FA Cup ១៤សម័យកាំភ្លើងធំ Arsenal បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup ត្រឹមជុំទី៣ ដោយបរាជ័យក្រោមថ្វីដៃក្រុមនៅ League Championship, Nottingham Forest ១-០។ គ្រាប់បាល់ជ័យជំនះតែមួយគ្រាប់គត់របស់ Lewis Grabban នៅនាទីទី៨៣ គ្រប់គ្រាន់ល្មមដើម្បីទំលាក់ក្រុមរបស់លោក Mikel Arteta ជាលើកទី២ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។
កាលពីឆ្នាំ២០១៨ Nottingham Forest ក៏បានយកឈ្នះ Arsenal នៅជុំទី៣ FA Cup នេះដែរដោយលទ្ធផល ៤-២។ សំរាប់ Arsenal រាប់ពីឆ្នាំ១៩៩៦ មកដល់ពេលនេះធ្លាក់ត្រឹមជុំទី៣ FA Cup នេះតែពីរលើកគត់ ហើយពីរលើកនោះគឺចាញ់ Nottingham Forest ទាំងពីរ។ ចំណែកលទ្ធផលផ្សេងទៀតយប់មិញដែរ Tottenham Hotspur បានយកឈ្នះ Morecambe ៣-១។ Spurs ត្រូវតាមពីក្រោយបន្ទាប់ពី Morecambe នាំមុខនៅនាទីទី៣៣ ដោយ Antony O’Connor ខណៈ Spurs ត្រូវរង់ចាំដល់នាទីទី៧៤ ទើបរកបានគ្រាប់តាមស្មើដោយ Harry Winks ហើយពីរគ្រាប់ជ័យជំនះសំរេចដោយ Lucas Moura និង Harry Kane។
រីឯ West Ham ក៏បានឡើងជុំទី៤ ផងដែរក្រោយទំលាក់ក្រុមរួមលីគកំពូល Leeds United ២-០ ដោយគ្រាប់បាល់របស់ Manuel Lanzini និង Jarred Bowen។ Liverpool វិញបានយកឈ្នះ Shrewsbury Town ៤-១ បន្ទាប់ពីក្រុមភ្ញៀវ Shrewsbury នាំមុខនៅនាទីទី២៧ ហើយ Liverpool វាយបក ៤គ្រាប់វិញនៅវគ្គទី១ ពីរគ្រាប់ និងវគ្គទី២ ពីរគ្រាប់។ ជុំទី៤ Liverpool ត្រូវទទួលភ្ញៀវ Cardiff City ដែលយកឈ្នះ Preston យប់មិញ ២-១៕