(ប៉ារីស)៖ បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ បានសន្យាថានឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច និងលោកខាងកើត។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ រួមមានចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថាការរីកសាយ អាវុធនុយក្លេអ៊ែរ ត្រូវតែទប់ស្កាត់នៅពេលអនាគត។ គ្មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះកើតឡើង នោះដែរ»។
គួរបញ្ជាក់ថា ការសន្យារបស់បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ ធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលបានចូលជាធរមានតាំងតែពីឆ្នាំ១៩៧០មក ត្រូវបានពន្យារពេលដោយមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទថ្មី ដោយសារតែ COVID-19។ ការត្រួតពិនិត្យឡើងវិញចុងក្រោយបំផុតលើសន្ធិសញ្ញា NPT ដំបូងឡើងត្រូវធ្វើនៅថ្ងៃទី០៤ ខែមករានេះ៕