ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានសម្រេច ចេញដីកាឃុំខ្លួនក្រុមចោរប្លន់ប្រដាប់អាវុធ វិល្លាម គ័ង និងបក្ខពួក ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការ បានធ្វើការចោទប្រកាន់ជាផ្លូវការរួចមក ។លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមចោរប្លន់ William Guang ប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ៣នាក់ទៀត ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បើកការសាកសួរ និងចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួចដោយមានស្ថានទម្ងន់ទោស បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទក្លែងឯកសារសាធារណៈ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ។
ក្រមព្រហ្មទណ្ឌមាត្រា ២៩ ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា ដែលជួយសម្រួល ដោយចេតនា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។
អ្នកសមគំនិត នឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវបានសម្រេច ឬបានប៉ុនប៉ង ។ អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។ មាត្រា ៣៥៣ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ ចំពោះមាត្រា ៣៥៧ អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំ ទៅ ១០ ឆ្នាំ ក្នុងករណីដូចតទៅ ១-អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហិង្សា ។ ២-អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ ។
ត្រង់មត្រា៤៩០ បទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវ អាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។ ត្រូវផ្តន្ទាទោសដូចគ្នា គ្រប់បុគ្គលដែលនៅក្រៅលំនៅឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូនអាវុធដែលចូលក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ ដែលជាបទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត នៃក្រមនេះ ។
ចំពោះមាត្រា៦២៩ បទក្លែងបន្លំឯកសារសាធារណៈការក្លែងបន្លំ ប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្ដល់ការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ។
សូមជំរាបថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រមួយចំនួន ប៉ុន្តែគេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញធ្វើការបង្ក្រាបដល់សម្បុកមេក្លោងធំ ដែលជាប្រធានគណបក្សខ្មែរក្រោក និងបានប្រមូលយកគ្រឿងពេជ្រប្រគល់ជូនជនរងគ្រោះវិញ។
តាមចម្លើយរបស់ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង និងជាអ្នករៀបចំផែនការ បានសារភាពថា សកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី នេះ គឺរូបគេជាអ្នករៀបផែនការមុនតែមួយថ្ងៃទេ ដោយចេញធ្វើសកម្មភាពចំនួន ០៥នាក់ ខ្លួនជាអ្នកដឹកនាំផ្ទាល់តែម្តង។កន្លងមកពួកគេបានធ្វើសកម្មភាពប្លន់ចំនួន០២លើក ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរី ម៉ន ដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងរថយន្តដែលពួកគេបានស្ទាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះរូបគេ វិល្លាម គ័ង មិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ចចុះទៅធ្វើសកម្មភាព។
ការចេញសកម្មភាពប្លន់លើកទី២គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមគេបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិនៅផ្ទះអ្នកលក់ឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន ៕