កំពត៖ មន្ត្រីជំនាញជលផល មានផែនការជាច្រើនដើម្បីរក្សភិរក្ស និងរក្សាការពារធនធានធម្មជាតិសមុទ្រ នៅឆ្នាំបន្តបន្ទាប់ខាងមុខ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំ ផលនេសាទសមុទ្រថយចុះជាលំដាប់។ ជាក់ស្តែងឆ្នាំ២០២១នេះ ផលនេសាទសមុទ្រ បានថយចុះជាងឆ្នាំមុនចំនួនជាងពីរពាន់តោន។
នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានឲ្យដឹងថា នៅឆ្នាំ២០២១ ផលនេសាទ សមុទ្រមានចំនួនតែ១៨០០០តោនប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២០ មាន២០ពាន់៣០០តោន គឺថយចុះ ២៣០០តោន ឬប្រមាណ១១ភាគរយ បើធៀបនឹងឆ្នាំ២០២០ ។
លោក បានបញ្ជាក់ថា ការថយចុះនៃបរិមាណផលនេសាទនេះបណ្តាលមកពីកត្តាពីរ ទី១. កត្តា ធម្មជាតិ មានការបម្រែបម្រួលអាកាសធាតុ មានខ្យល់ ព្យុះភ្លៀងខ្លាំងញឹកញាប់ជាដើម និងទី២ កត្តា មនុស្សការបាត់បង់ទីជម្រកក្នុងដែននេសាទ ដោយការអភិវឌ្ឍនៅតំបន់ឆ្នេរ ការលួចប្រើឧបករណ៍ខុសច្បាប់ និងកង្វះការយល់ដឹងទៅលើការការពារបរិស្ថាន និងធនធានធម្មជាតិសមុទ្រ។
ដើម្បីថែរក្សានិរន្តរភាពធនធានសមុទ្រឲ្យមាននិរន្តរភាព នាយខណ្ឌរដ្ឋបាលជលផលបានដាក់ ចេញនូវផែនការ និងទិសដៅអនុវត្តបន្តសំខាន់ៗជាច្រើន ដូចជា៖ មន្ត្រីជលផល នៅតែបន្តកៀរគរអង្គការ ដៃគូ ធ្វើការបោះបង្គោលអភិរក្សព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។ បន្តផ្សព្វផ្សាយច្បាប់ជលផល ដល់ប្រជានេសាទឲ្យចូលរួមសហការ ដើម្បីលុបបំបាត់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ផ្សព្វផ្សាយការរៀបចំបច្ចេកទេសឲ្យប្រជានេសាទចូលរួមបង្កើនមុខរបរចិញ្ចឹមត្រីសមុទ្រជាដើម ដើម្បីកាត់បន្ថយការនេសាទតាមធម្មជាតិនៅលើផ្ទៃសមុទ្រ។ ពង្រឹងសហគមន៍នេសាទឲ្យយល់ដឹងអំពីផ្នែកច្បាប់ និងចូលរួមការពារធនធាននៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានគង់វង្ស។
លោក បានបញ្ជាក់បន្ថែមថា មន្ត្រីជលផលនៅតែបន្តសកម្មភាពល្បាតជាប្រចាំដូចភ្លៀងរលឹម ដើម្បីការពារទប់ស្កាត់បទល្មើសនេសាទ។
ជាងនេះទៅទៀតខណ្ឌរដ្ឋបាលជលផល នឹងរៀបចំសហគមន៍នេសាទទាំង៩កន្លែងក្នុងខេត្ត ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងការជួយទ្រទ្រង់ជីវភាព ក្រៅពីការចេញទៅនេសាទ។ ខេត្តកំពត មានទូក និងកាណូតនេសាទ កំពុងប្រតិបត្តិការ ចំនួនជាង១០០០គ្រឿង៕