បាល់ទាត់៖ លោក ស៊ុំ វណ្ណា នាយកបច្ចេកទេសនៃក្លិបភ្នំពេញក្រោនបានឲ្យដឹងថា បច្ចុប្បន្នលោកបានចែកផ្លូវជាមួយក្រុមសិង្ហក្រហមនេះហើយ ហើយលោកក៏បានបង្ហើបពីតម្រុយនៃអនាគត ដែលត្រូវបន្ដអាជីពលើសមរភូមិវាលស្មៅនេះដែរ តែលោកសុំមិនទាន់បង្ហាញពីទ្រនំជាផ្លូវការនោះទេ។
គ្រូបង្វឹកកាន់សញ្ញាបត្រ AFC A-License រូបនេះបានបញ្ជាក់ថា ទោះបីលោកបានចាកចេញពីភ្នំពេញក្រោន តែទំនាក់ទំនងរវាងលោក ជាមួយថ្នាក់ដឹកនាំក្លិប គណៈគ្រប់គ្រងក្លិប ក៏ដូចជាកីឡាករគឺនៅធម្មតា លោកតែងចេញចូល និងសហការគ្នា ដូចកាលលោកនៅបំពេញការងារដែរ។ លោកថា នេះគឺជាចំណុចវិជ្ជមានមួយនៃឥរិយាបថរបស់គ្រូបង្វឹកអាជីពលើពិភពលោក ព្រោះបាល់ទាត់តែងតែមានការផ្លាស់ប្ដូរវិលទៅវិញទៅមក មិនអាចថាចាកចេញរហូត ឬជួបជុំរហូត ឬមិនជួបគ្នារហូតនោះទេ ថ្ងៃណាមួយគង់មានឱកាសធ្វើការងាររួមគ្នាវិញក៏ថាបាន។ ហេតុនេះទើបលោកនៅតែរក្សាទំនាក់ទំនងល្អជានិច្ចជាមួយថ្នាក់ដឹកនាំក្លិប។
ពាក់ព័ន្ធនឹងទ្រនំថ្មីវិញ អតីតគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញដដែលបន្ដថា បច្ចុប្បន្នលោកបានចរចាជាមួយក្លិបមួយ ហើយក៏បានឈានដល់កិច្ចព្រមព្រៀងគ្នាដែរ គ្រាន់តែមិនទាន់មានការប្រកាសជាផ្លូវការ។ ដូច្នេះចាំមើលតើអនាគតលោក ស៊ុំ វណ្ណា នឹងត្រូវដឹកនាំក្លិបណានារដូវកាលថ្មីឆ្នាំ២០២២ ខាងមុខ ក្រោយចាកចេញពីទឹកដី Smart RSN? សូមបញ្ជាក់ថា លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លិបភ្នំពេញក្រោន កាលពីឆ្នាំ២០១៩ ក្នុងនាមគ្រូជំនួយ តែនៅពាក់កណ្ដាលរដូវកាលដដែល លោកត្រូវបានក្លិបតែងតាំងជាគ្រូបង្គោលស្ដីទី ក្រោយការចាកចេញរបស់លោក Leonardo Vitorino។ បន្ទាប់មកនៅឆ្នាំ២០២០ លោកក៏ត្រូវបានក្លិបតែងតាំងជាគ្រូបង្គោលពេញសិទ្ធ មុនក្លិបដំឡើងលោកជានាយកបច្ចេកទេសប្រចាំក្លិបនៅក្នុងឆ្នាំ២០២១ នេះ៕