(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់ បន្ទាប់ពីដឹកនាំក្រុមគោព្រៃបរាជ័យ ចំពោះពានរង្វាន់បាល់ទាត់ជើងឯកអាស៉ីអាគ្នេយ៍ AFF Suzuki Cup 2020 នាប្រទេសសិង្ហបុរី។
ក្នុងសារដែលបង្ហោះលើ Facebook ផ្លូវការនោះ ក្រៅពីការថ្លែងអំណរគុណដល់អ្នកគាំទ្រជម្រើសជាតិកម្ពុជា លោកក៏បានបង្ហាញការលួងលោមអ្នកគាំទ្រផងដែរ ចំពោះការបរាជ័យនេះដោយក្នុងសារនោះ លោកនិយាយថា កីឡាកររបស់ជម្រើសជាតិកម្ពុជា កំពុងតែរីកចម្រើនទៅមុខជាលំដាប់។
លោក Keisuke Honda បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអរគុណចំពោះការគាំទ្ររបស់អ្នក។ ពិតណាស់ហើយថា យើងមិនសប្បាយចិត្តចំពោះលទ្ធផល ប៉ុន្តែខ្ញុំពិតជាមានមោទនភាព លើកីឡាកររបស់យើងចំពោះការរីកចម្រើនរបស់គេ ហើយយើងនៅតែបន្តដំណើរទៅមុខទៀតជាមួយគ្នា»។
សាររបស់អ្នកចាត់ការទូទៅសញ្ជាតិជប៉ុន ក៏មានប្រជាពលរដ្ឋកម្ពុជាជាច្រើនរូបចូលទៅ Comment កោតសរសើរពីការលះបង់ និងប្រឹងប្រែងជួយលើកស្ទួយវិស័យបាល់ទាត់ដល់ប្រទេសកម្ពុជាផងដែរ។
សម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 កម្ពុជាយកឈ្នះឡាវតែ ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែក្រុមគោព្រៃបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ សូម្បីតែសារព័ត៌មានបរទេស ក៏កោតសរសើរ។ ការប្រកួតចុងក្រោយ គឺក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិកម្ពុជា ដោយលទ្ធផល ៤-០ ប៉ុន្តែកម្ពុជានៅតែរក្សាទម្រង់លេងបានល្អ ដោយគ្រប់គ្រងបាល់បាន ៥២%។
ជ័យជម្នះនោះដែរ បានធ្វើឲ្យវៀតណាម ដឹកដៃឥណ្ឌូនេស៉ី ដែលនៅពូល B ដូចគ្នា ឡើងទៅបង្គ្រប់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំតំបន់នេះ ហើយត្រូវប្រកួតខ្វែងជាមួយក្រុមលេខ១ និងលេខ២ នៃពូល A គឺក្រុមដំរីសឹកថៃ និងម្ចាស់ផ្ទះសិង្ហបុរី ដែលការប្រកួតដណ្ដើមកៅអីវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ ដោយវៀតណាម ត្រូវជួបថៃ និងឥណ្ឌូនេស៉ី ត្រូវជួបម្ចាស់ផ្ទះសិង្ហបុរី៕