ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានសម្រេចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងការរីករាលដាលជំងឺកូវីដ-១៩ ហើយក៏ជាសោកនាថកម្ម ដែលកម្ពុជាបានរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយការរាតត្បាត នៃជំងឺកូវីដ-១៩នេះ ដោយបានសម្លាប់ពលរដ្ឋខ្មែរជាងបីពាន់នាក់ក្នុងរយៈ១០មកនេះ។
តាមរយៈសំឡេងពិសេសនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃទី២០ ខែធ្នូនេះ គឺជាលើកដំបូងក្នុងរយៈ ១០ខែកន្លងមកនេះ ដែលកម្ពុជាគ្មានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយអត្រាឆ្លងប្រចាំថ្ងៃក៏ធ្លាក់មកត្រឹមចំនួន ៧នាក់ផងដែរ ដោយកត្តាធ្លាក់ចុះ និងគ្មានអ្នកស្លាប់ដោយ សារកូវីដ១៩នេះ គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារ និងទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩នេះបន្តទៀត បើទោះបីជារាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈក្តី តែគ្រប់គ្នានៅតែបន្តធ្វើការប្រយុទ្ធប្រឆាំងនៅមេរោគដ៏កាចសាហាវមួយនេះដដែល ដោយត្រូវអនុវត្តន៍៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួនជាដើមនោះ។
តាមរយៈសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្តែងដោយមោទនភាព និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាបង្អែកយុទ្ធសាស្ត្រដ៏មុតមាំ សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ និងបរិក្ខាពេទ្យ សម្រាប់បម្រើឱ្យការជួយសង្គ្រោះ ការការពារ និងការព្យាបាលជំងឺកូវីដ-១៩។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តី ក៏បានបានសម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ដែលមានសមាជិកគ្រួសារស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ខណៈការស្លាប់នេះគឺភាគច្រើនពួកគាត់ មិនបានចាក់វ៉ាក់សាំង,ជាមនុស្សចាស់ និងមានជំងឺធ្ងន់ធ្ងររ៉ាំរ៉ៃប្រចាំកាយជាដើមនោះ៕