(ភ្នំពេញ)៖ ជាការលើកឡើងថ្មីមួយ ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសអំពីបំណងចង់សរសេរសៀវភៅរៀបរាប់អំពីរសជាតិជីវិតរបស់សម្ដេច ចាប់តាំងពីជីវិតធ្វើជាទាហាន នាយទាហាន រដ្ឋមន្ត្រីការបរទេស រហូតដល់ជីវិតជានាយករដ្ឋមន្ត្រី ដើម្បីបន្សល់នូវស្នាដៃកេរដំណែលឱ្យយុវជនជំនាន់ក្រោយបានអាននិងឈ្វេងយល់។
បំណងប្រាថ្នាមួយនេះត្រូវបានលើកឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសណ្ឋាគារហៃយ៉ាត់រីជិនស៉ីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
គួរជម្រាបថា នាយករដ្ឋមន្ត្រីកម្ពុជាដែលកំពុងថ្លែងនាពេលនេះ គឺធ្លាប់មានប្រវត្តិតស៊ូក្នុងបុព្វហេតុដើម្បីជាតិកម្ពុជាជាច្រើនឆ្នាំ រហូតដល់បានរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ថែមទាំងបានខិតខំស្វែងរកសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព និងការអភិវឌ្ឍជូនប្រជាពលរដ្ឋរហូតពេលបច្ចុប្បន្ន។
ដូច្នេះហើយទើបសម្ដេចតេជោចង់សរសេរសៀវភៅមួយក្បាលរៀបរាប់អំពីរសជាតិជីវិតរបស់សម្ដេចផ្ទាល់ នៅពេលដែលសម្ដេចបញ្ចប់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដោយនឹងរៀបរាប់អំពីខ្សែជីវិតនិងការតស៊ូដើម្បីជាតិមាតុភូមិ រាប់ចាប់តាំងពីជីវិតជាទាហាន នាយទាហាន រដ្ឋមន្ត្រីការបរទេស រហូតដល់ជីវិតជានាយករដ្ឋមន្ត្រី។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅពេលខ្ញុំចប់ការងារជានាយករដ្ឋមន្ត្រី ខ្ញុំនឹងសរសេរអំពីជីវិតជានាយករដ្ឋមន្ត្រី, តើរសជាតិធ្វើជានាយករដ្ឋមន្ត្រីវារបៀបម៉េច?»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សម្តេចបានសរសេររួចមកហើយនូវបទចម្រៀង «ជីវិតអ្នកចម្ការវាសនាអ្នកស្រែ» មួយបទ និងបទ «ជីវិតក្មេងវត្ត» មួយបទ ប៉ុន្តែជីវិតជាយករដ្ឋមន្ត្រីនេះមិនអាចសរសេរជាចម្រៀងបានទេ។
សៀវភៅរៀបរាប់អំពីជីវិតជានាយករដ្ឋមន្ត្រីនេះ មិនអាចមានអ្នកសរសេរបានក្រៅពីសម្ដេច ឬសរសេរជំនួសសម្ដេចបានឡើយ ពីព្រោះខ្លឹមសារដែលនឹងសរសេរចូលទៅក្នុងសៀវភៅនោះគឺមានច្រើនណាស់ មានតែសម្ដេចតែម្នាក់ទេទើបអាចបញ្ចូលខ្លឹមសារទាំងនោះបាន។ សម្ដេចបានបង្ហើបដែរថា ខ្លឹមសារទាំងនោះគឺនឹងលើកឡើងអំពីជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យសង្គ្រាម ជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យចរចាផងធ្វើសង្គ្រាមផង ជីវិតជានាយករដ្ឋមន្ត្រីក្នុងកាលៈទេសៈសន្តិភាព ជីវិតជានាយករដ្ឋមន្ត្រីក្នុងសម័យកូវីដ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះមហន្តរាយ រលំបាក់អគារជាដើម។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា គោលបំណងនៃការសរសេរសៀវភៅខាងលើនេះ គឺចង់បន្សល់នូវស្នាដៃកេរដំណែលឱ្យយុវជនជំនាន់ក្រោយបានអាន និងឈ្វេងយល់ជាបន្តបន្ទាប់៕