(ហ្សាការតា)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បាននិយាយថា សហរដ្ឋអាមេរិកនឹងលើកកម្ពស់យុទ្ធសាស្ត្រសេរីភាព និងបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាពង្រឹងសន្ធិសញ្ញសម្ព័ន្ធភាពនានា និងសមត្ថភាពការពារជាតិ ព្រមទាំងស៊ើបការណ៍សម្ងាត់ជាមួយបណ្ដាប្រទេសជាដៃគូ នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។
លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើនៅថ្ងៃអង្គារនេះ នាឱកាសបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី។ លោក Blinken បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីការពារសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់ជាមូលដ្ឋាន ដែលយើងបានកសាងឡើងជាមួយគ្នា អស់រយៈពេលរាប់ទសវត្សរ៍មកនេះ សំដៅធានាឱ្យបាននូវការបើកចំហ និងសេរីភាព»។
លោក Antony Blinken បានសង្កត់ធ្ងន់បន្ថែមទៀតថា សហរដ្ឋអាមេរិកក៏នឹងពង្រឹងផងដែរ នូវសមត្ថភាពការពារជាតិ និងស៊ើបការណ៍សម្ងាត់នៅក្នុងតំបន់ ជាមួយបណ្តាសម្ព័ន្ធមិត្ត ហើយនឹងការពារផងដែរនូវការបើកចំហ និងសុវត្ថិភាពប្រព័ន្ធអ៉ីនធើណិត។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី, លោក Antony Blinken នឹងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងថៃនៅក្នុងសប្ដាហ៍នេះ ហើយនេះគឺជាការបំពេញទស្សនកិច្ចផ្លូវការរបស់លោក លើកដំបូងមកកាន់តំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានស្បថចូលកាន់តំណែងកាលពីខែមករា ដើមឆ្នាំ២០២១៕