(កង់បេរ៉ា)៖ អូស្ត្រាលី នៅថ្ងៃចន្ទនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយមានតម្លៃ ៧១៦.៥លានដុល្លារ ជាមួយកូរ៉េខាងត្បូង ដែលនឹងជំរុញ កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការនាំចេញបរិក្ខាយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១។
កិច្ចព្រមព្រៀងយោធាខាងលើ ត្រូវបានធ្វើឡើងនាឱកាសនៃការបំពេញដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន ទៅកាន់ប្រទេសអូស្ត្រាលី។ នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនផលិតអាវុធកូរ៉េខាងត្បូង Hanwha នឹងត្រូវផលិតកាំភ្លើងប្រភេទ ហូវវីតហ្សឺរ (howitzers) ចំនួន៣០គ្រឿង ព្រមទាំងរថពាសដែកបញ្ចូលគ្រាប់ចំនួន ១៥ គ្រឿងសម្រាប់អូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងកង់បេរ៉ា នៅថ្ងៃចន្ទនេះថាកិច្ចព្រមព្រៀងយោធានេះ ពិតជាមានសារៈសំខាន់ ខ្លាំងណាស់ដល់ឧស្សាហកម្មការពារជាតិ និងការពង្រឹងសមត្ថភាពយោធាអូស្ត្រាលី ហើយកូរ៉េខាងត្បូងគឺជាដៃគូដ៏សំខាន់។
គួរបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងយោធា រវាងអូស្ត្រាលី និងកូរ៉េខាងត្បូង កើតមានឡើងនៅចំពេលដែលទីក្រុងកង់បេរ៉ា កំពុងមានភាពតានតឹងជាមួយទីក្រុង ប៉េកាំង ខណៈអូស្ត្រាលី កំពុងកាត់បន្ថយការពឹងផ្អែកទៅលើចិន ជាពិសេសគឺវិស័យពាណិជ្ជកម្មតែម្ដង៕