ភ្នំពេញ៖ ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីកូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មានថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតជូនស្ថាប័ន និងអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងមានសុចរិតភាព។
ក្នុងសារលិខិតនេះ សម្តេចបានអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មាន ទាំងអស់សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈមានសុចរិតភាពក្នុងការបំពេញភារកិច្ច ជៀសវាងការបំពានច្បាប់ និងវិជ្ជាជីវៈដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ កិត្យានុភាពសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តបានត្រឹមត្រូវតាមវិជ្ជាជីវៈ។
ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីកូវីដ-១៩ ៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌នេះ សម្តេចក៏បានអំពាវនាវបងប្អូនអ្នកសារព័ត៌មានទាំងអស់ចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការរបស់រាជរដ្ឋាភិបាលនិងវិធានការរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ដោយអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ៣កុំ ៣ការពារ និងសូមចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយពន្យល់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយឱ្យបានទាន់សភាពការណ៍។
ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលក្លឹបអ្នកកាសែត កម្ពុជាបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់និងបទពិសោធន៍ដែលបានអនុវត្តនា ពេលកន្លងមកនិងកំណត់ទិសដៅសម្រាប់បន្តអនុវត្តនៅពេលខាងមុខក្នុងគោលបំណងបង្កើនសមត្ថភាព យល់ដឹងនិងជំរុញឱ្យអ្នកសារព័ត៌មានបំពេញការងារតាមវិជ្ជាជីវៈ និងមានការទទួលខុសត្រូវ ដើម្បីលើក កម្ពស់គុណភាពកិត្យានុភាពរបស់សា្ថប័នព័ត៌មាន និងសេរីភាពសារព័ត៌មានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលបានលើកយកប្រធានបទស្តីពីកូវីដ-១៩ ៖ បញ្ហា ប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាននេះ គឺពិតជាមានសារសំខាន់ណាស់និងសមស្របតាមសភាពការណ៍ ជាក់ស្ដែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូលបានឆ្លងកាត់និងកំពុងប្រឈមទៅ នឹងការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះបានបង្ក គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្ស នៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជាដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិតបីពាន់លានដុល្លារ អាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់ជិតបីពាន់នាក់៕