(សិង្ហហ្គាពួរ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres នឹងចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា Beijing Winter Olympics ហើយបារាំង មិនមានគម្រោង ក្នុងការចូលរួមធ្វើពហិការ (មិនចូលរួម) ការទូត នៅក្នុងព្រឹត្តិការណ៍កីឡានេះនោះទេ, នេះបើយោងតាមសារព័ត៌មាន Lianhe Zaobao ផ្សាយជាភាសាចិន របស់ប្រទេសសិង្ហបុរី ចេញផ្សាយនាយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។
“អគ្គលេខាធិការ បានទទួលការអញ្ជើញ ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍ Beijing Winter Games ហើយគាត់បានទទួលយកការអញ្ជើញនោះ”, នេះបើតាមសម្តីលោក Stephane Dujarric អ្នកនាំពាក្យប្រធាន UN។
នៅក្នុងអត្ថបទដដែលនោះ, សារព័ត៌មាន Lianhe Zaobao បានចេញផ្សាយដែរថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងថា បារាំងមិនមានគម្រោង ក្នុងការចូលរួមការធ្វើពហិការការទូត ដែល “មិនមានសារៈសំខាន់” នៃព្រឹត្តិការណ៍ Beijing Winter Olympics នោះទេ។
លោក Macron បានលើកឡើងថា ព្រឹត្តិការណ៍អូឡាំពិក គួរតែមិនមែនជានយោបាយនោះទេ។
សូមជម្រាបថា Beijing Winter Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ៕