អាស៊ី-ប៉ាស៊ីហ្វិក៖ ដ្បិតថា គេនៅតែពុំបានដឹងច្បាស់ពីសមត្ថភាពនៃការបង្កគ្រោះថ្នាក់ដោយវីរុសកូរ៉ូណាបម្លែងខ្លួនថ្មី Omicron ប៉ុន្តែក្ដីបារម្ភជុំវិញការឆ្លងរាលដាលនៃវីរុសនេះកំពុងគំរាមកំហែង ដល់ផែនការបើកប្រទេសឡើងវិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ បន្ទាប់ពីការត្រួតពិនិត្យ និងរឹតត្បិតយ៉ាងតឹងរ៉ឹងនៅតាមព្រំដែនរយៈកាលជាង ២០ខែលើជីវភាពប្រចាំថ្ងៃ ប្រទេសជាច្រើនក្នុងតំបន់បានចាប់ផ្ដើមបន្ធូរបន្ថយវិធានការនានា និងរស់នៅជាមួយវីរុស Covid-19 ជាច្រើនខែក្រោយពីប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើងបានបើកប្រទេសពេញលេញ។
កាលពីខែមុនបន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រអាហ្វ្រិកខាងត្បូង បានរកឃើញវីរុសបម្លែងខ្លួនថ្មី Omicron ប្រទេសជាង ៧០ បានហាមប្រាមការធ្វើដំណើរលើអ្នកមកពីប្រទេសមួយចំនួននៅអាហ្វ្រិកខាងត្បូង។ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានបន្ថែមពេលវេលាដាក់ឲ្យនៅដាច់ដោយឡែជាចាំបាច់ ឬបិទព្រំដែន ភាគច្រើនចំពោះអ្នកដំណើរបរទេសទាំងអស់។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកនិយាយថា ពួកគេនឹងអាចប្រើពេលយ៉ាងហោចណាស់ ២សប្ដាហ៍ទើបអាចដឹងថា តើវីរុសនេះអាចបង្អាក់ប្រសិទ្ធភាពវ៉ាក់សាំង និងការព្យាបាលជំងឺ Covid-19 បានឬអត់។ ខណៈដែលក្រុមអ្នកជំនាញសុខភាពសាធារណៈរង់ចាំទិន្នន័យនេះ រដ្ឋាភិបាលនានាទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកពុំទទួលរងការប្រឈមណាមួយទេ។ ប្រទេសភាគច្រើនកំពុងចាត់វិធានការយ៉ាងឆាប់រហ័សដោយសារក្ដីបារម្ភថា វីរុសបម្លែងខ្លួនថ្មី Omicron អាចរាតត្បាតដល់ដែនដីរបស់ខ្លួន ទោះបីជាតំបន់មួយចំនួនបានអនុវត្តន៍វិធានការរឹតត្បិតព្រំដែនយ៉ាងតឹងរ៉ឹងរួចទៅហើយ ឬមានអត្រាចាក់វ៉ាក់សាំងខ្ពស់ហើយក៏ដោយ៕