ភ្នំពេញ៖ ក្នុងជំនួបជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាឯកឧត្តម ង្វៀន ហុយតាំង (H.E.Mr. Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានកោតសរសើរកម្ពុជា ដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទទួលជោគជ័យរហូតធ្វើឲ្យប្រទេសក្លាយជាទីសុវត្ថិភាពសម្រាប់អ្នកទេសចរ។
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត វៀតណាម បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលបានផ្លាស់ប្តូរមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។
ឯកអគ្គរដ្ឋទូត វៀតណាម បានសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលទទួលបានជោគជ័យយ៉ាងធំធេង ធ្វើឲ្យកម្ពុជាមានលទ្ធភាពបើកប្រទេសឡើងវិញនិងក្លាយជាទីកន្លែងសុវត្ថិភាពសម្រាប់អ្នកទេសចរ និងបានអរគុណចំពោះកម្ពុជាដែលបានផ្តល់ថវិកា និងបរិក្ខាពេទ្យដល់ប្រទេសវៀតណាមនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ នាពេលកន្លងមក។
នាឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត នៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
សម្តេចបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សូមកោតសរសើរដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានរួមគ្នាសម្រេចបានក្នុងអាណត្តិជាបន្តបន្ទាប់មកនេះ សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។
បន្ថែមលើសពីនេះ ឯកអគ្គរដ្ឋទូតវៀតណាម បានសន្យាចំពោះសម្ដេចប្រធានរដ្ឋសភាថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែរីកចម្រើនឡើងថែមទៀត ទាំងវិស័យការទូត សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម៕