(អូតាវ៉ា)៖ ប្រទេសកាណាដា បានរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron សរុបចំនួន ១៥ករណីហើយ ខណៈនិន្នាការនៃករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ នៅទូទាំង ប្រទេស អាចចាប់ផ្តើមកើនឡើងវិញម្តងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលសាធារណៈកាណាដា វីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ១១ករណី មានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស នាពេលថ្មីៗនេះ ក្នុងនោះរួមមានកុមារអាយុក្រោម ១២ឆ្នាំដែលបានធ្វើដំណើរទៅតំបន់ភាគខាងត្បូងនៃទ្វីបអាហ្វ្រិក និងត្រូវបានគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះវីរុស COVID-19 បំប្លែងថ្មី Omicron។
ទីក្រុង Toronto ក៏បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron ចំនួន ០៣ករណីដំបូងរបស់ខ្លួន នៅល្ងាចថ្ងៃសុក្រសប្ដាហ៍នេះផងដែរ ក្នុងនោះ មាន ០២ករណីជាអ្នកដែលទើបបានត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា ខណៈ ០១ករណីទៀតជាអ្នកទើបបានត្រឡប់មកពីប្រទេសស្វីស។ ប៉ុន្តែ អ្វីដែលសំខាន់ នោះគឺនិន្នាការ នៃករណីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរបានធ្លាក់ចុះក៏ពិតមែន ប៉ុន្តែវានៅតែអាចចាប់ផ្តើមកើនឡើងវិញម្តងទៀត។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសកាណាដា បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបជាង ១.៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៩,៧០០នាក់ និងអ្នកជាសះស្បើយជាង ១.៧៤លាននាក់៕