(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានថ្លែងថា ប្រទេសរបស់លោកត្រូវតែត្រៀមខ្លួនសម្រាប់ «ការតស៊ូដ៏ធំធេងមួយ» នៅឆ្នាំក្រោយ ដើម្បីបន្តធ្វើឱ្យមានការរីកចម្រើនលើវិស័យនានា រួមទាំងវិស័យការពារជាតិ កសិកម្ម និងសំណង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។
លោក គីម ជុងអ៊ុន បានធ្វើការកត់សម្គាល់ដូចខាងលើនេះ កាលពីថ្ងៃពុធនៅឯកិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សពលករ ដែលកំពុងកាន់អំណាច។ បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានថ្លែងទៀតថា ខណៈដែលប្រទេសនេះនៅតែប្រឈមមុខ នឹងការលំបាកផ្នែកសេដ្ឋកិច្ច គណបក្សបានទទួលជោគជ័យក្នុងការជំរុញ ឱ្យសម្រេចបាននូវគោលដៅគោលនយោបាយ និងការអនុវត្តសេដ្ឋកិច្ចរយៈពេល ០៥ឆ្នាំដែលលោកបានបង្ហាញនៅដើមឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ, លោក គីម ជុងអ៊ុន បានព្យាយាមជំរុញផែនការស្រោចស្រង់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពល ជាមួយនឹងផែនការរបស់លោក។ តែទោះជាយ៉ាងណា ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ (UN) ទើបតែបានប្រកាសថា កង្វះស្បៀងអាហារ និងអគ្គិសនីកំពុងតែកើនឡើងយ៉ាងធ្ងន់ធ្ងរនៅកូរ៉េខាងជើង ដោយសារការដាក់ទណ្ឌកម្ម លើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលពីសំណាក់អន្តរជាតិ ក៏ដូចជាវិធានការទប់ទប់ជំងឺ COVID-19 និងគ្រោះមហន្តរាយធម្មជាតិ នាប៉ុន្មានឆ្នាំចុងក្រោយនេះ៕