(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា សំដៅរឹតចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា ឲ្យមានសន្ទុះឈានឡើងថែមទៀត។ ជំនួបនេះធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាទីបញ្ជាការកងទ័ពជើងគោក។
ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតរុស្ស៉ី បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-រុស្ស៉ី និងបានគូសបញ្ជាក់ថា កម្ពុជា គឺជាដៃគូដ៏យូរអង្វែងប្រកបដោយទំនុកចិត្តរបស់រុស្ស៉ីរហូតមក ដោយភ្ជាប់ជាមួយនឹងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែងបានសម្តែងនូវភាពកក់ក្តៅជូនប្រទេស និងប្រជាជនរុស្ស៉ី។
លោកបានបន្ថែមថា កន្លងមកប្រទេសទាំងពីរក៏បានបន្តថែរក្សាពូនជ្រំទំនាក់ទំនង ឲ្យកាន់តែប្រសើរតាមរយៈកិច្ចសន្ទនានយោបាយទៀងទាត់, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
លោកក៏បានគាំទ្រផងដែរ លើការខិតខំបន្តពង្រឹងរួមគ្នានូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក តាមរយៈការរកឲ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ឲ្យកាន់តែសកម្ម និងរឹងមាំ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរ អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។
ក្នុងនាមប្រជាជនកម្ពុជា និងយោធិន នៃកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រុស្ស៉ី ក្នុងកាលៈទេសៈដែលកម្ពុជា ជួបការលំបាក ដោយក្នុងនោះ រុស្ស៉ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំងការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបនេះ។
ក្នុងដំណាក់កាលថ្មីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាពប្រតិបត្តិដូចជា កងទ័ពជើងគោក ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផលកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម៕