(ភ្នំពេញ)៖ ក្រុមការពារតំណែងជើងឯកវិសាខា នឹងត្រូវជួបអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះនៅទឹកដីកណ្ដាលនាកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន។
មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមទាំងពីរសុទ្ធតែបានវាយបកយកឈ្នះគូប្រជែងរៀងៗខ្លួន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្មីៗ ក្នុងនោះវិសាខាបានវាយបកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ២-១ បន្ទាប់ពីត្រូវក្រុមនាគខៀវនាំមុខ ១គ្រាប់មុនមុនផ្អាកការប្រកួតត្រឹមនាទី៥៣។ រីឯក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកឈ្នះក្រុមភ្នំពេញក្រោនដោយលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តស្វាយរៀង។
នេះគឺជាលើកដំបូងហើយ ដែលក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង បានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុមទាំងពីរធ្លាប់ជួបគ្នាម្ដង ក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលពីឆ្នាំ២០១៨ ខណៈលទ្ធផលពេលនោះ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងបានទម្លាក់វិសាខា ដោយលទ្ធផល ២-១ (២ជើង)។ ដូច្នេះចាំមើលល្ងាចនេះ តើក្រុមណានឹងទទួលបានជ័យជម្នះ និងក្លាយជាម្ចាស់ពានសម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ២០២១?
គួរដឹងថា ក្រុមទទួលបានជ័យជម្នះក្នុងវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ក្រៅពីទទួលបានពាន និងរង្វាន់លើកទឹកចិត្ត ពួកគេក៏នឹងទទួលបានសិទ្ធិចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2022 ផងដែរ។ ប៉ុន្ដែមុនឈានដល់ការប្រកួតដណ្ដើមជើងឯកខាងលើ ក៏មានជំនួបដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងក្រុមភ្នំពេញក្រោន ទល់នឹងបឹងកេតនៅកីឡដ្ឋាន RSN នាវេលាម៉ោង ៣រសៀលនេះផងដែរ៕