ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង បានសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះកម្ពុជាដែលសម្តេចតេជោ នាយករដ្ឋមន្ដ្រី បានដឹកនាំឈានឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងខ្លាំង និងនយោបាយវ៉ាក់សាំងរបស់សម្តេច ដែលបានទប់ស្កាត់កូវីដ-១៩ ហើយនាំទៅដល់ការបើកប្រទេសឡើងវិញ។
ឯកឧត្តម ហ្សាក ប៉ីយេ(Jaques Pellet) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានថ្លែងបែបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យក្នុងចូលជួបសំដែងការគួរនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤វិច្ឆិកានេះ ។
ឯកឧត្ដម បានបន្ថែមថា៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានក្រុមហ៊ុនបារាំងប្រមាណជាង ៤០០ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះ ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង ចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំង រីករាយចំពោះការបើកដំណើរការប្រទេស ឲ្យមានលំហូរឡើងវិញរួមទាំងការហោះហើរដំណើរការសេដ្ឋកិច្ចពាណិជ្ជកម្ម ។
ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្តេច ដែលបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបសំដែងការគួរសមមុនមួយថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយឯកឧត្តម បានជម្រាបជូនសម្ដេចថា ឯកឧត្ដម ម៉ា ក្រុង ប្រធានាធិបតីបារាំង នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ហើយនៅឆ្នាំក្រោយនេះកម្ពុជានឹងធ្វើជាប្រធានអាស៊ាននោះ បារាំងក៏នឹងធ្វើជាប្រធានប្តូរវេនអឺរ៉ុប។
ក្នុងន័យនេះ ឯកឧត្តម បានមានប្រសាសន៍ថា៖ ឯកឧត្តមនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងរវាងអាស៊ាន និងអឺរ៉ុប គឺធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈម។ ផ្ទុយទៅវិញ គឺជាកិច្ចសហប្រតិបត្តិការ ប្រកបដោយបរិយាប័ន្ន និងស្ថិរភាព។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម ហ្សាក ប៉ីយេ ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។ សម្តេច ក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជាហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមរបស់ឯកឧត្ដម ម៉ា ក្រុង ក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលកម្ពុជាជាប្រធាននៅថ្ងៃស្អែកនេះ ។
សម្ដេចក៏បានយល់ស្របជាមួយ ឯកឧត្ដម ហ្សាក ប៉ីយេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ពហុភាគី ហើយក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជានិងបារាំង គប្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅលើគ្រប់វិស័យដែលអាចធ្វើទៅបាន រួមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌក្រោមច្បាប់អន្តរជាតិ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុប សម្ដេចតេជោ បានយល់ស្របជាមួយឯកឧត្តមទូតថ្មី ហើយថា អាស៊ាននិងអឺរ៉ុប គប្បីសហការគ្នាជំរុញកិច្ចសហការលើវិស័យផ្សេងៗទៀត ឲ្យប្រកបដោយបរិយាប័ន្ននិងស្ថិរភាព៕