ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនខ្លួនឧត្ដមសេនីយ៍យោធាម្នាក់ និងបក្ខពួក ២នាក់ មកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ទាក់ទិននឹងការរកឃើញ ករណីលាក់អាវុធជាច្រើនដើម នៅខេត្តបាត់ដំបង។
ការនាំខ្លួនមនុស្សទាំង៣នាក់នេះ គេឃើញមានវត្តមានឧត្តមសេនីយ៍យោធាម្នាក់ឈ្មោះ អ៊ួន ពិសិដ្ឋ និងបក្ខពួក២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនតាមរថយន្តមកកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីតំណាងអយ្យការ និងចៅក្រមស៊ើបសួរបន្តនីតិវិធីសួរដេញដោល ដោយមិនទាន់មានការសម្រេចបែបណានៅឡើយទេ នៅវេលាថ្ងៃត្រង់នេះ។
ការចាប់ខ្លួនមនុស្សជា បន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីកន្លែងផ្សេងៗគ្នា ដោយឧត្តមសេនីយ៍ត្រីយោធាឈ្មោះ អ៊ួន ពិសិដ្ឋ ភេទ ប្រុស ជាអនុប្រធានរោងជាងជួសជុលចម្រុះចំណុះអគ្គនាយកដ្ឋានបច្ចេកទេសសម្ភារៈនៃក្រសួងការពារជាតិ ត្រូវបានចាប់ខ្លួន នៅមុខភោជនីយដ្ឋានស្យាមស៊ី ហ្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយមកសមត្ថកិច្ច ក៏បានបន្តឃាត់ខ្លួនមនុស្សចំនួន២នាក់ទៀត ដែលជាមន្ត្រីយោធានៅខេត្តបាត់ដំបង មានព្រិន្ទបាលឯក វីវិន ហាយ ជាយោធាសឹករងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី ១៩ខែវិច្ឆិកានៅ ស្រុកកំរៀង ខេត្តបាត់ដំបង និងទី៣ វរៈសេនីយទោ ប៉ុល នី ភេទប្រុសមន្ត្រីយោធា នៅអង្គភាពសឹករងស្រុកកំរៀង ខេត្តបាត់ដំបង ចាប់ខ្លួនកាលពីថ្ងៃទី២០ ខែវិច្ឆិកា នៅស្រុកកំរៀង ខេត្តបាត់ដំបង ។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ អាវុធជាច្រើនដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ជាបន្តបន្ទាប់ ដែលបានលាក់ទុកនៅចំណុចចំការមៀន ស្ថិតក្នុងក្រុមទី២ ភូមិអូររំដួល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមិនទាន់មានការអះអាងថា ជាការលាក់ដើម្បីហេតុផលអ្វីឱ្យប្រកដនៅឡើយទេ៕