កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានទៅទស្សនាទីក្រុងថ្មីមួយដែលត្រូវបានសាងសង់នៅជិតព្រំដែនជាមួយប្រទេសចិន និងជាភ្នំដ៏ពិសិដ្ឋជាទីគោរពសក្ការដោយក្រុមគ្រួសាររបស់លោក នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកក្នុងរយៈពេលជាង ១ខែមកនេះ។
នៅទីក្រុង Samjiyon ភាគខាងជើងប្រទេសកំពុងត្រូវបានផ្លាស់ប្ដូរទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយ ដែលក្រុមមន្ត្រីហៅថា “សេដ្ឋកិច្ចសង្គមនិយម” ដែលបំពាក់ដោយគ្រប់ដណ្ដប់ដោយអឹផាតមិន សណ្ឋាគារ រមណីយដ្ឋានជិះស្គី និងមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងវេជ្ជសាស្ត្រថ្មីៗជាច្រើន។ ទីក្រុងដែលកំពុងអភិវឌ្ឍគឺនៅជិតភ្នំ Paektu ជាភ្នំដ៏ពិសិដ្ឋជាទីដែលក្រុមគ្រួសាររបស់លោក Kim អះអាងពីឫសគល់របស់ខ្លួន ហើយលោកបានទៅលេងជាច្រើនដងចាប់តាំងពីឆ្នាំ២០១៨ ដោយទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានហៅថា ជានិមិត្តរូបនៃអរិយធម៌ទំនើប។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា ដំណើរចុងក្រោយរបស់លោក Kim ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យដំណាក់កាលទី៣ និងចុងក្រោយនៃការសាងសង់ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ បន្ទាប់ពីការពន្យារពេលដែលបណ្តាលមកពីការដាក់ទណ្ឌកម្មអន្តរជាតិ និងជំងឺរាតត្បាតសកលកូរ៉ូណា។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA មួយនេះពុំបានផ្តល់កាលបរិច្ឆេទច្បាស់លាស់សម្រាប់ដំណើរទស្សនកិច្ចរបស់លោក Kim នោះទេ ប៉ុន្តែវាគឺជារបាយការណ៍ដំបូងនៃសកម្មភាពសាធារណៈរបស់មេដឹកនាំរូបនេះអស់រយៈពេល ៣៥ថ្ងៃចាប់តាំងពីលោកបានថ្លែងសុន្ទរកថានៅឯពិព័រណ៍ការពារជាតិ ដែលជាការអវត្តមានយូរបំផុតរបស់លោកចាប់តាំងពីឆ្នាំ២០១៤។ ការបាត់មុខរបស់មេដឹកនាំវ័យក្មេង និងឯកោពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋជារឿយៗបង្កឱ្យមានការរំពឹងទុកអំពីសុខភាព ឬកន្លែងលាក់ខ្លួនរបស់លោក។ ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបាននិយាយកាលពីចុងខែមុនថា លោក Kim ពុំមានបញ្ហាសុខភាពអ្វីនោះទេ៕