ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្លែងថា បច្ចុប្បន្នក្រុមការងារ នៃក្រសួងមហាផ្ទៃ កំពុងចុះធ្វើអធិការកិច្ច លើបញ្ហាអ្នកទោសជាឧក្រិដ្ឋជន ដែលលួចរត់ចេញពន្ធនាគារ នៅខេត្តស្ទឹងត្រែង ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចក្រឡាហោម មានប្រសាសន៍ថា ជាលទ្ធផល គិតត្រឹមថ្ងៃទី១២ ខែវិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនជនជាប់ចំនួន ៥នាក់ មកវិញហើយ នៅក្នុងចំណោមជនជាប់ឃុំចំនួន៧នាក់ ដែលបានវាយទម្លុះជញ្ជាំងពន្ធនាគារ លួចរត់គេចខ្លួនកាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា ។
សម្ដេចបន្ថែមថា “ទន្ទឹមនឹងនេះទណ្ឌិត ២នាក់ ជាជនជាតិឡាវដែលមានបទល្មើសគ្រឿងញៀន ក៏សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនមកវិញដែរ ។ ជាមួយគ្នានេះខ្ញុំក៏បានចាត់ចែងឲ្យមានការធ្វើអធិការកិច្ច ប្រកបដោយការទទួលខុសត្រូវ ចំពោះបញ្ហាដែលបានកើតឡើង គឺធ្វើឲ្យជនជាប់ឃុំរត់រួចពីពន្ធនាគារ ដែលពេលនេះក្រុមការងារកំពុងតែធ្វើកិច្ចការនេះ” ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តទៀតថា លទ្ធផលប្រតិបត្តិការនេះ ពិតជាកើតឡើងបានដោយសារតែមានការចូលរួមរបស់ពលរដ្ឋជួយស្រាវជ្រាវ និងរាយការណ៍ជូនសមត្ថកិច្ចឈានទៅដល់ការចាប់បានមកវិញនូវទណ្ឌិត ដែលសុទ្ធជាឧក្រិដ្ឋជនគ្រឿងញៀនទាំងនេះ ដោយលទ្ធផលនេះ បានបង្ហាញថា គ្រប់សកម្មភាពសង្គមអាចសម្រេចបាន ដោយសារតែមានការចូលរួមរបស់ប្រជាពលរដ្ឋ ហើយវាជាមោទនភាព ដែលលទ្ធផលនេះ បានបង្ហាញថា ពលរដ្ឋពិតជាមានការយល់ដឹង និងចូលរួមក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការថែររក្សាសន្តិសុខ សុវត្ថិភាពសង្គមផងដែរ ។
សម្ដេចក្រឡាហោម បានបន្ថែមថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនខ្ញុំផ្ទាល់ដែលទទួលខុសត្រូវ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ខ្ញុំសូមសម្ដែនូវការកោតសរសើរ ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខ្នះខ្នែងធ្វើកិច្ចប្រតិបត្តការ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងប្រតិបត្តិការនេះ ហើយសង្ឃឹមថា ការចាប់ខ្លួនទណ្ឌិត ២នាក់ទៀត នឹងសម្រេចបាននាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសនេះខ្ញុំក៏សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ គ្រប់មជ្ឈដ្ឋានសូមបន្តគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាការគាំទ្រនិងចូលរួមបន្ត អនុវត្តតាម ពាក្យស្លោកជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ៣កុំ ១រាយការណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាព និងភាពសុខសាន្តក្នុងសង្គមជាតិយើង” ។
គួរបញ្ជាក់ថា អ្នកទោសចាប់បានវិញទាំង៥នាក់ គឺជនជាតិឡាវចំនួន ២នាក់ និងជនជាតិ ខ្មែរចំនួន ៣នាក់ ទី១. ឈ្មោះ ទូច វ៉ាត់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសសមគំនិតក្នុងអំពើជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មានកម្រិតទោស៣០ឆ្នាំ, ទី២. ឈ្មោះ វ៉ា ភូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងមានកម្រិតទោស២០ឆ្នាំ, ទី៣. ឈ្មោះ ភិត ងិន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិឡាវ បទល្មើសប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស៤ឆ្នាំ, ទី៤. ឈ្មោះ ចាក លីប៊ីតាលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឡាវ បទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោសអស់មួយជីវិត និងទី៥. ឈ្មោះ ហន វិមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានបទល្មើស លួចមានស្ថានទម្ងន់ ទោសដោយសារការប្រើទារុណកម្ម និងមានកំរិតទោស២៧ឆ្នាំ ៕